(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកគួរតែជៀសវាង ការចូលលូកដៃពាក់ព័ន្ធការបំផ្ទុះឲ្យធ្វើរដ្ឋប្រហារ ឬក៏ផ្តល់គាំទ្រឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅប្រទេសវេណេស៊ុយអេឡា ពោលគឺកុំឲ្យដើរតាមប្រវត្តិសាស្រ្តច្រំដែល នៅឯតំបន់អាមេរិកខាងត្បូង។ នេះបើតាមការព្រមានរបស់ព្រឹទ្ធសមាជិកអាមេរិក លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
លោក Sanders បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកគួរតែគាំទ្រនីតិរដ្ឋ តម្លាភាពនៃការបោះឆ្នោត និងសិទ្ធិស្វ័យសម្រេចចិត្តរបស់ប្រជាជនវេណេស៊ុយអេឡា ហើយយើងត្រូវរៀនសូត្រពីមេរៀនកាលពីអតីតកាល និងមិនត្រូវទៅជាប់ជំពាក់ជំពិនក្នុងការផ្លាស់ប្តូរបបដឹកនាំ ឬក៏ការគាំទ្រឲ្យមានរដ្ឋប្រហារ ដូចដែលយើងបានធ្វើនៅឈីលី ហ្គាតេម៉ាឡា ប្រេស៊ីល និងសាធារណរដ្ឋដូមេនីកឡើយ។ និយាយរួមសហរដ្ឋអាមេរិកមានប្រវត្តិវែងអន្លាយខ្លាំងណាស់ អំពីការចូលលូកដៃដោយមិនត្រឹមត្រូវ នៅតាមបណ្តាប្រទេសអាមេរិកឡាទីន ដូច្នេះហើយពួកយើងមិនត្រូវដើរលើផ្លូវនេះម្តងទៀតឡើយ»។
គួរជម្រាបថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានចេញមុខទទួលស្គាល់ប្រធានសភាវេណេស៊ុយអេឡា និងជាមេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទីនៃប្រទេសនេះ និងបានទទូចឲ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែងដើម្បីបើកផ្លូវឲ្យលោក Guaido ឡើងដឹកនាំជំនួសវិញ។ ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងចោលជាមួយសហរដ្ឋអាមេរិក ខណៈស្ថានការណ៍ជារួមនៅក្នុងប្រទេសនេះ កំពុងស្ថិតក្នុងភាពផុយស្រួយបំផុត៕