(អាមេរិក)៖ ក្រុមហ៊ុន Boeing ថ្មីៗនេះបានប្រកាសឲ្យដឹងពីការទទួលជោគជ័យលើកដំបូងក្នុងការហោះឡើង និងចុះចតនៃយានតាក់ស៊ីផ្លូវអាកាសរបស់ខ្លួន ដែលមានលក្ខណៈដូចជាការលាយឡំបញ្ចូលគ្នារវាងឧទ្ធម្ភាគចក្រដ្រូន និងយន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
Boeing បានលើកឡើងថា ភាពជោគជ័យនេះគឺជាការបោះជំហានមួយទៀត ក្នុងការធ្វើឲ្យសេវាដឹកជញ្ជូននៅក្នុងទីក្រុង កាន់តែមានភាពជឿនលឿនទៅមុខ។ ក្រុមហ៊ុន Boeing កំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Airbus និងក្រុមហ៊ុនដទៃៗទៀត ដើម្បីបង្កើតយានតាក់ស៊ីផ្លូវអាកាសគ្មានមនុស្សបើក ដែលអាចហោះឡើង និងចុះចតត្រង់ (ដូចឧទ្ធម្ភាគចក្រ) សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
គួរជម្រាបថា ការធ្វើតេស្តខាងលើបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ នៅក្រុង ម៉ាណាសសាស់ (Manassas) រដ្ឋវ៉ឺជីនៀ (Virginia)។ យានតាក់ស៊ីដែលមានរូបរាងកាត់ឧទ្ធម្ភាគចក្រ កាត់ដ្រូន និងកាត់យន្តហោះនេះ បានហោះឡើងនិងសំកាំងខ្លួនរយៈពេលជិត ០១នាទី ហើយចុះចតមកវិញដោយរលូន។ សម្រាប់ជំហានបន្ទាន់ទៀត គឺ Boeing នឹងសាកល្បងបញ្ជាឲ្យវាហោះទៅមុខ៕