(វ៉ាស៊ីនតោន)៖ ប្រទេសចិន តួកគី ស៊ីរី គុយបា បានចូលរួមជាមួយរុស្ស៊ី ដោយរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ជុំវិញការប្រកាសទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់ប្រទេស ក្នុងតំបន់អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
បណ្ដាប្រទេសទាំងនេះបានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ជាមួយអំពាវនាវឱ្យបណ្ដាប្រទេសជាភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា ព្រមទាំងបង្ហាញជំហរគំាទ្រផងដែរ ដល់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលទើបតែឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតី កាលពីដើមខែមករាកន្លងទៅនេះ។
ជាក់ស្ដែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បាននិយាយថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថេរភាពរបស់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ តែ ប្រឆាំងជំទាស់ជាដាច់ខាតចំពោះការលូក ដៃពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។ លោកស្រី Hua បានបន្ថែមដូច្នេះថា «យើងចង់ឃើញវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិកអង្គុយចរចាគ្នា តាមរយៈទំនាក់ទំនងទ្វេភាគី ឈរលើមូលដ្ឋានគោរពគ្នា និងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាបានឡើងកម្ដៅយ៉ាងខ្លាំង រហូតដល់ទីក្រុងការ៉ាកាស់ប្រកាស ផ្ដាច់ទំនាក់ទំនងការទូត និងទុកពេល ៧២ម៉ោងឱ្យមន្ត្រីទូតអាមេរិកវេចបង្វិចចេញពីប្រទេស។ ការសម្រេចចិត្តធ្វើឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡា។ ប៉ុន្តែក្រៅតែពីវ៉ាស៊ីនតោន ចក្រភពអង់គ្លេស កាណាដា ប្រេស៊ីល កូស្ដារីកា អាហ្សង់ទីន ប៉េរូ កូឡុំប៊ី អេក្វាឌ័រ ឈីលី និងអេស្ប៉ាញ ក៏បានប្រកាសទទួលស្គាល់ និងស្វាគមន៍លោក Guaido ផងដែរ៕