(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ​បញ្ហាបិទទ្វាររដ្ឋាភិបាល​អាមេរិក នៅតែមិនទាន់​អាចរកច្រកចេញ​រួចដដែល ​បន្ទាប់ពី​សេចក្តី​​​ព្រាង​​ច្បាប់ចំនួនពីរ​​ដែលសំដៅ​ដោះស្រាយ​បញ្ហានេះ​បានទទួលបរាជ័យ​ ក្នុងការបោះឆ្នោត​​សម្រេច​នៅឯ​ព្រឹទ្ធសភា​អាមេរិក​នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃ​សុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់​មួយដែលគាំទ្រ​​​ដោយ​បក្ស​ប្រជាធិបតេយ្យ​ និងមានគោលដៅ​ផ្តល់ថវិកាទ្រទ្រង់​ដល់​ស្ថាប័ន​រដ្ឋ​ឡើងវិញ ជា​បណ្តោះអាសន្ន​រហូត​ដល់ថ្ងៃទី០៨ ខែកុម្ភៈនោះ បានទទួលសំឡេង​ឆ្នោត​គាំទ្រ​​ចំនួន ៥២សំឡេង​ទល់នឹងប្រឆាំង​ចំនួន ៤៤សំឡេង​ក្នុង​ព្រឹទ្ធ​សភា​ រីឯ​សេចក្តីព្រាង​ច្បាប់មួយទៀត​ដែលគាំទ្រ​ដោយសេតវិមាន និងរួមមាននូវ​​ប្រាក់ជាង ០៥ពាន់លានដុល្លារ សម្រាប់ការសង់​ជញ្ជាំង​ព្រំដែនវិញ ទទួលបានសំឡេង​គាំទ្រ ​​៥១សំឡេង​ទល់នឹង​ប្រឆាំង​ ៤៧សំឡេង ដែលវាមានន័យថា សេចក្តីព្រាង​ច្បាប់​ទាំងពីរ​​នេះត្រូវបរាជ័យ ព្រោះ​វាត្រូវការគាំទ្រចាប់ពី​ ៦០​សំឡេង​ឡើងទៅ​ទើបអាចត្រូវអនុម័ត។

គួរជម្រាបថា ក្រោយការ​បរាជ័យនេះ ព្រឹទ្ធសមាជិកបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​បានបន្ទោសគ្នា​ទៅវិញទៅមក ចំពោះ​​​ការបិទទ្វារ​រដ្ឋាភិបាល។ យ៉ាងណាមិញ ព្រឹទ្ធសភាអាមេរិក​នឹងត្រូវធ្វើការខិតខំប្រឹងប្រែង​ឡើងវិញ ដើម្បីស្វែងរក​​ការព្រមព្រៀង​ជុំវិញការចង់បាន​ជញ្ជាំងព្រំដែន​របស់​​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ និងការបើកទ្វារ​រដ្ឋាភិបាល ដែលមកទល់ពេល​នេះ​​បានបិទទ្វារឈានចូលថ្ងៃទី​ ៣៤ហើយ៕