(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាពិឃាត ០២គ្រឿង ឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តែ០២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីយន្ដហោះចម្បាំងចិនពីរគ្រឿង បានហោះឆ្វែលជុំវិញកោះតៃវ៉ាន់។ នេះបើតាមកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
ថែ្លងប្រាប់ CNN អ្នកនាំពាក្យកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក ធីម ហ្គ័រមែន (Tim Gorman) បានឱ្យដឹងទៀតថា នាវាពិឃាតបំពាក់មីស៊ីលអាមេរិក ០២គ្រឿងគឺ USS McCampbell និង USNS Walter S. Diehl បានដឹកនាំប្រតិបត្តិការនាវាចរជាទម្លាប់នៅឯច្រកសមុទ្រតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ ហើយថានឹងបន្តធ្វើនាវាចររបៀបនេះទៅកាន់គ្រប់ទីកន្លែង។
លោក Gorman បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «ការធ្វើនាវាចររបស់នាវាពិឃាតអាមេរិកកាត់តាមច្រក សមុទ្រតៃវ៉ាន់ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសេរីភាពនាវាចរ និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក... ហើយកងនាវាអាមេរិកនឹងនៅតែធ្វើការហោះហើរ និងនាវាចររបៀបនេះទៅកាន់គ្រប់ទីកន្លែងឱ្យតែច្បាប់អន្តរជាតិអនុញ្ញាត»។
គួរបញ្ជាក់ថា ការធ្វើនាវាចររបស់សហរដ្ឋអាមេរិកនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីចិនបានបញ្ជូនយន្ដហោះចម្បាំង Sukhoi Su-30 និងយន្ដហោះយោធាដឹកជញ្ជូន Shaanxi Y-8 ឱ្យទៅហោះឆ្វែលជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ។ ប៉ុន្តែចិន ក៏បានអះអាងដែរថា នេះគ្រាន់តែជាសមយុទ្ធហោះហើរធម្មតា ជុំវិញដែនដីរបស់ខ្លួនតែប៉ុណ្ណោះ៕