(តែលអាវីវ)៖ នាថ្ងៃព្រហស្បតិ៍នេះយោធាអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ត្រូវបានដាក់ពង្រាយនៅភាគកណ្តាលប្រទេស ខណៈភាពតានតឹងបានកើនឡើងនៅតាមព្រំដែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
យោងតាមប្រភពពីមន្រ្តីយោធាអ៊ីស្រាអែលដែលបានសុំមិនបញ្ចេញអត្តសញ្ញាណ ប្រព័ន្ធការពាររ៉ុក្កែត Iron Dome ត្រូវបានដាក់ពង្រាយនៅតំបន់ Gush Dan ដែលជាបេះដូងនៃទីក្រុងតែលអាវីវ។ មិនតែប៉ុណ្ណោះប្រព័ន្ធ Iron Dome ក៏ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រព័ន្ធប្រឆាំងគ្រាប់រ៉ុក្កែតដទៃទៀត នៅក្នុងតំបន់ផងដែរ។
គួរជម្រាបថា កាលពី២ថ្ងៃមុន ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិបានព្រមានថា រដ្ឋាភិបាលទីក្រុងដាម៉ាស់អាចនឹងធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន Ben Gurion ដែលនៅជាយក្រុងតែលអាវីវ ប្រសិនបើស្ថាប័នអន្តរជាតិនេះ នៅតែឱបដៃឈរមើល ការវាយប្រហារតាមផ្លូវអាកាសជាដដែលៗរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី៕