(ហាណូយ)៖ ឆ្លើយតបនឹងសំណួរពាក់ព័ន្ធការបើកកិច្ចប្រជុំកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន រដ្ឋាភិបាលវៀតណាមនាថ្ងៃព្រហស្បតិ៍នេះបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់ខ្លួនក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
នៅពេលមានការលើកឡើងជាសំណួរអំពីលទ្ធភាពដែលថា វៀតណាមកំពុងត្រៀមទទួលរៀបចំកិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និង លោក គីម ដែលនឹងប្រព្រឹត្តទៅនៅអំឡុងចុងខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា ទីតាំងនិងពេលវេលាសម្រាប់កិច្ចប្រជុំកំពូលនេះ នឹងត្រូវសម្រេចដោយប្រទេសទាំងពីរ ក៏ប៉ុន្តែវៀតណាម រីករាយក្នុងការចូលរួមចំណែកវិជ្ជមាន ដើម្បីលើកកម្ពស់កិច្ចសន្ទនា ព្រមទាំងរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមិនទាន់ទទួលបានព័ត៌មានទាក់ទិននឹងរឿងកិច្ចប្រជុំកំពូលនេះនៅឡើយទេ ប៉ុន្តែខ្ញុំមានភាពជឿជាក់ខ្ពស់ទៅលើសមត្ថភាពរបស់ប្រទេសវៀតណាម ក្នុងការទទួលរៀបចំព្រឹត្តិការណ៍លក្ខណៈអន្តរជាតិធំៗ»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សេតវិមានអាមេរិក បានបញ្ជាក់ថា ជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងធ្វើឡើងជាលើកទីពីរនៅអំឡុងចុងខែកុម្ភៈខាងមុខ ខណៈលោក ត្រាំ ផ្ទាល់ បានបង្ហើបឲ្យដឹងថា ប្រទេសសម្រាប់រៀបចំកិច្ចប្រជុំនេះត្រូវបានជ្រើសរើសរួចរាល់ហើយ ប៉ុន្តែលោកមិនបានប្រាប់ថាប្រទេសមួយណាឲ្យច្បាស់ឡើយ។
យ៉ាងណាក៏ដោយ បើតាមព័ត៌មានចុះផ្សាយព្រោងព្រាតនាពេលកន្លងទៅនេះ វៀតណាមទំនងជាប្រទេសដែលត្រូវបានជ្រើសរើសដើម្បីរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ ដោយអាចនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ឬមួយក៏ទីក្រុងដាណាង ដែលនៅជាប់ឆ្នេរសមុទ្រ៕