(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់ខ្លួន ត្រៀមបច្ចេកទេសរៀបចំឱ្យបានល្អ សម្រាប់កិច្ចប្រជុំកំពូលជាលើកទី ២ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាម KCNA ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការណែនាំរបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីលោកទទួលបានសំបុត្រមួយច្បាប់ពីលោក ដូណាល់ ត្រាំ តាមរយៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក គីម យ៉ុងចុល ដែលទើបតែជួបជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីសប្ដាហ៍មុនក្នុងទីក្រុងវ៉ាស៊ីនតោន។ KCNA បញ្ជាក់ទៀតថា មេដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ក៏បានបង្ហាញការពេញជាខ្លាំងផងដែរ ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ ហើយបញ្ជាឱ្យក្រុម មន្ត្រីរបស់ខ្លួន ត្រៀមបច្ចេកទេសរៀបចំឱ្យបានល្អ សម្រាប់កិច្ចប្រជុំកំពូលជាលើកទី ២ ជាមួយលោក ត្រាំ។
ប៉ុន្តែសារព័ត៌មានកូរ៉េខាងជើងមួយនេះ មិនបានបញ្ជាក់អ្វីលម្អិតពីទីតាំង និងពេលវេលារៀបចំកិច្ចប្រជុំកំពូលនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា វាអាចនឹងត្រូវធ្វើឡើងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនៅចុងខែកុម្ភៈខាងមុខនេះ។ នេះគឺជាលើកទីមួយហើយដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រាយការណ៍ពីលទ្ធភាពនៃការរៀបចំជំនួបកំពូល កូរ៉េខាងជើង-អាមេរិក ជាលើកទី២៕