(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់សម្ព័ន្ធមិត្ត នៅតំបន់អាមេរិកឡាទីនរបស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការយោធាទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ខណៈទីក្រុងវ៉ាស៊ីនតោនបានហៅមេដឹកនាំវេណេស៊ុយអេឡារូបនេះថា «អតីតប្រធានាធិបតី» បាត់ទៅហើយ។ នេះគឺជាការព្រមានរបស់លោក ម៉ាក ប៊្លូមែនថល (Max Blumenthal) ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
លោក Max Blumenthal ជាអ្នកសារព័ត៌មានបែបស៊ើបអង្កេតអាមេរិកម្នាក់ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT និងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់។
លោក Blumenthal បានលើកឡើងក្នុងកិច្ចសម្ភាសន៍នោះយ៉ាងដូច្នេះថា «អ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះ គឺការប្រើប្រាស់កម្លាំងយោធាដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច។ ប្រតិបត្តិការនេះអាចធ្វើចេញពីប្រទេសកូឡុំប៊ី ឬតាមរយៈសកម្មភាពយោធាលួចលាក់ចេញពីកូឡុំប៊ី ឬក៏ប្រេស៊ីល ហើយ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រពីក្រោយ»។
គួរបញ្ជាក់ថា បើតាមលោក Blumenthal បើសិនជាសង្រ្គាមផ្ទុះឡើងមែន ក្រុមប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងមិនងើបឡើងកាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដូចក្រុមប្រឆាំងក្នុងប្រទេសស៊ីរីធ្លាប់ធ្វើនោះទេ ប៉ុន្តែពួកគេអាចនឹងប្រើប្រាស់អំពើហិង្សាដើម្បីឱ្យអន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់។ បច្ចុប្បន្នស្ថានការណ៍នៅវេណេស៊ុយអេឡាកាន់តែវឹកវរ ដោយសារតែការប្រឈមមុខដាក់គ្នារវាងក្រុមគាំទ្របក្សប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាល ខណៈមនុស្សមួយចំនួនបានស្លាប់ផងដែរ៕