(គូឡាឡាំពួរ)៖ ព្រះចៅស៊ុល (Sultan) ប្រចាំនៅរដ្ឋផេហាង (Pahang) ដែលមានព្រះនាមថា អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Abdullah Sultan Ahmad Shah) ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្សម៉ាឡេស៊ីថ្មី នៅថ្ងៃព្រហស្បតិ៍នេះហើយ បន្ទាប់ពីកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សារាជវង្ស Sultan ប្រចាំរដ្ឋទាំង ៨ ត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
ព្រះចៅ Ahmad Shah នឹងត្រូវឡើងគ្រង់រាជសម្បត្តិសម្រាប់អាណត្តិរយៈពេល ០៥ឆ្នាំ ចាប់ពីថ្ងៃទី៣១ ខែមករាតទៅ ខណៈព្រះចៅ ស៊ុលតង់ ណាស្រ៊ីន ហ្សា (Sultan Nazrin Sha) នៃរដ្ឋ ភែរ៉ាក់ (Perak) ត្រូវបានជ្រើសតាំងជា ព្រះចៅបម្រុង (deputy king)។
ការបោះឆ្នោតនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិសេសមួយនៅម៉ោង ១១៖១៥នាទីព្រឹកមិញនេះនៅឯព្រះរាជវាំង អ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) ក្រោមការដឹកនាំដោយ ព្រះចៅ ស៊ុលតង់ មីហ្សាន ហ្សៃណាល់ អាប៊ីឌីន (Sultan Mizan Zainal Abidin) ប្រចាំរដ្ឋតេរេងហ្គានូ (Terengganu)។ ព្រះចៅនៃខ្សែរាជវង្ស Sultan ប្រចាំរដ្ឋទាំង ០៨ បានទម្លាក់សន្លឹកឆ្នោតគ្រប់អង្គនៅក្នុងការបោះឆ្នោត ដែលត្រូវបានបញ្ចប់នៅម៉ោង ១២៖៤៥នាទីថ្ងៃត្រង់ថ្ងៃដដែលនេះ។
គួរបញ្ជាក់ថា ការតែងតាំងព្រះមហាក្សត្រម៉ាឡេស៊ីថ្មី ធ្វើឡើងបន្ទាប់ពីព្រះចៅ ស៊ុលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) បានសម្រេចព្រះទ័យចាកចេញពីរាជសម្បត្តិកាលពីថ្ងៃទី៦ ខែមករា ក្រោយពីទ្រង់ទើបសោយរាជ្យបាន ០២ឆ្នាំ។ ការលាលែងដោយសាររឿងអាស្រូវនេះ គឺមិនធ្លាប់កើតមាននោះឡើយនៅក្នុងប្រវត្តិរាជវង្សរបស់សហព័ន្ធម៉ាឡេស៊ី៕