(ការ៉ាកាស់)៖ បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយសហរដ្ឋអាមេរិកបាននិងកំពុងទទូចឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងដើម្បីទុកឲ្យលោក Guaido ឡើងធ្វើដឹកនាំប្រទេសជំនួសវិញនោះ ទីបំផុតអំពើហិង្សាបានផ្ទុះឡើងនៅប្រទេសអាមេរិកឡាទីនមួយនេះ ក្នុងគេឃើញមានការបាញ់បោះ និងតវ៉ាតាមរយៈវីដេអូនិងរូបភាពផ្សេងៗ ដែលត្រូវបានចែកចាយនៅពាសពេញបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
គណនីមួយចំនួននៃបណ្តាញសង្គម Twitter បានរាយការណ៍ថា សំឡេងផ្ទុះបានកើតមានតាមតំបន់ភាគខាងកើតនៃរដ្ឋធានីការ៉ាកាស់ ខណៈអ្នកប្រើប្រាស់ Twitter ខ្លះទៀតបានបង្ហោះនូវឃ្លីបវីដេអូ ដែលបង្ហាញពីការផ្ទុះអាវុធនាអំឡុងការធ្វើបាតុកម្មនៅការ៉ាកាស់។ ក្រៅពីនេះមានវីដេអូខ្លះទៀត បានស្តែងឲ្យឃើញពីសកម្មភាពក្រុមអ្នកតវ៉ាស្ទាក់រថយន្តមួយគ្រឿងរបស់ប៉ូលិសវេណេស៊ុយអេឡា ហើយដុតចោលថែមទៀតផង។
ទន្ទឹមនឹងនេះ ការប៉ះទង្គិចគ្នាក្នុងអំឡុងការធ្វើបាតុកម្មទូទាំងប្រទេសនៅវេណេស៊ុយអេឡា ក៏បានបង្កឲ្យមនុស្ស ១៦នាក់ស្លាប់ផងដែរ នៅរដ្ឋ ព័រទុយហ្គេសា (Portuguesa), ថាជីរ៉ា (Tachira), អាម៉ាហ្សូណាស់ (Amazonas), បូលីវ៉ា (Bolivar), ទីក្រុងការ៉ាកាស់ និង ក្រុងបារីណាស់ (Barinas) ជាដើម។
គួរជម្រាបថា កាលពីថ្ងៃពុធ លោក Juan Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា នៅក្នុងការជួបជុំគ្នាទ្រង់ទ្រាយធំមួយនៅរដ្ឋធានីការ៉ាកាស់ ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកជាសាធារណតែម្តង។ រីឯសហរដ្ឋអាមេរិកបានទទូចឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែងដើម្បីបើកផ្លូវឲ្យលោក Guaido ឡើងក្តោបក្តាប់អំណាច។
ជាការឆ្លើយតបលោក ម៉ាឌូរ៉ូ បានហៅលោក Guaido ថាជាកញ្ជះរបស់អាមេរិក និងបានប្រកាសថា ទីក្រុងអង់ការ៉ានឹងកាត់ផ្តាច់ចំណងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន។ ដោយឡែកលោក Guaido ក៏បានអំពាវនាវឲ្យមានការបំផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងផ្ទៃប្រទេសផងដែរ កាលពីថ្ងៃទី២៣ ខែមករា ដែលត្រូវជាខួបទី ៦១ឆ្នាំ នៃការបះបោរទម្លាក់មេដឹកនាំយោធាផ្តាច់ការ លោក ម៉ាក្រូស ពែរែស ជីមែណែស (Macros Perez Jimenez) ខណៈថ្ងៃដដែលនេះក្រុមអ្នកគាំទ្រលោក ម៉ាឌូរ៉ូ ក៏បានរៀបចំការប្រមូលផ្តុំដាច់ដោយឡែកផ្សេងគ្នាថែមទៀតផង៕