(ប៉េកាំង)៖ ទោះបីជាសន្ទុះសេដ្ឋកិច្ចចិន ហាក់កំពុងហាក់មានការថយចុះបន្តិចក៏ដោយ ក៏មហាយក្សលេខ ១ នៅអាស៊ីទំនងជានឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារលក់រាយធំជាងគេបង្អស់ នៅលើពិភពលោកក្នុងឆ្នាំ២០១៩ នេះដែរ។ នេះបើតាមការរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវ eMarketer ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
របាយការណ៍ខាងលើបានបង្ហាញការព្យាករណ៍ថា ទំហំទឹកប្រាក់សរុបនៃការលក់ទំនិញរាយរបស់ប្រទេសចិននឹងកើន ៧.៥ភាគរយ ដល់ទំហំ ៥.៦៣៦ទ្រីលានដុល្លារ (ពាន់ពាន់លាន) នៅឆ្នាំ២០១៩នេះ ខណៈអាមេរិកវិញនឹងកើន ៣.៣ភាគរយ ដល់ទំហំ ៥.៥២៩ទ្រីលានដុល្លារ។ យោងតាមរបាយការណ៍ដដែល កំណើននៃការលក់រាយរបស់ចិននេះ គឺដោយសារតែការកើនឡើងនៃប្រាក់ចំណូលប្រជាជន បូករួមជាមួយភាពរីកចម្រើននៃក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ចិន។
គួរជម្រាបថា យោងតាមការិយាល័យជាតិស្ថិតិចិន វិស័យលក់ទំនិញតាមអនឡាញ គឺជាកត្តាជំរុញដ៏សំខាន់បំផុតមួយ នៃសេដ្ឋកិច្ចទីផ្សារលក់រាយរបស់ប្រទេសចិន ដែលទទួលបន្ទុកលើមួយភាគប្រាំ នៃការលក់ទំនិញរាយសរុបរបស់ចិនកាលពីឆ្នាំ២០១៨។ នៅថ្ងៃបញ្ចុះតម្លៃទំនិញពិសេសប្រចាំឆ្នាំហៅថា Singles Day ក្នុងប្រទេសចិន ក្រុមហ៊ុន Alibaba រកចំណូលបាន ១.៤៧ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹម ២នាទីដំបូងប៉ុណ្ណោះ ខណៈក្នុងរយៈពេល ២៤ម៉ោងបានកើនដល់ ៣១.៤៦ពាន់លានដុល្លារ ដែលខ្លាំងជាងទំហំនៃការលក់ទំនិញក្នុងថ្ងៃបញ្ចុះតម្លៃទំនិញហៅថា Cyber Monday និង Black Friday នៅអាមេរិករួមបញ្ចូលគ្នាទៅទៀត៕