(ហាណូយ)៖ ប៉ូលិសវៀតណាមជាច្រើននាក់ នឹងត្រូវបានដាក់ពង្រាយក៏ដូចជាល្បាតនៅតាមមន្ទីរពេទ្យនានា ពីថ្នាក់ស្រុករហូតដល់ថ្នាក់ជាតិ ដើម្បីការបុគ្គលិកសុខាភិបាល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Vietnam News ប្រតិបត្តិការល្បាតរបស់ប៉ូលិសវៀតណាម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរវាងអាជ្ញាធរសុខាភិបាល និងសន្តិសុខសាធារណៈ ឆ្លើយតបទៅនឹងករណីថ្មីៗជាច្រើន ពាក់ព័ន្ធនឹងការវាយធ្វើបាបលើបុគ្គលិក សុខាភិបាលពីសំណាក់អ្នកជំងឺ ឬសាច់ញាតិអ្នកជំងឺ។ Vietnam News បន្ថែមទៀតថា អំពើហិង្សា ២០ករណីប្រព្រឹត្តឡើងដោយអ្នកជំងឺ និងសាច់ញាតិអ្នកជំងឺបានកើតឡើងលើក្រុមវេជ្ជបណ្ឌិតកាលពីឆ្នាំ២០១០ និង២០១៧ រីឯកាលពីឆ្នាំ២០១៨ បីករណីមានសភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលវៀតណាម ការរំលោភពាននៅឯមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្តបានកើនឡើង ៨០ភាគរយហើយ ៨៥ភាគរយនៃជនរងគ្រោះគឺជាវេជ្ជបណ្ឌិត និងគិលានុបដា្ឋយិកា។ ចំណែកឯមូលហេតុនៃការរំលោភពានទាំងនេះភាគច្រើនបណ្ដាលមកពីបញ្ហាទំនាក់ទំនងរវាងអ្នកជំងឺ គ្រូពេទ្យ និងបញ្ហាអាកប្បកិរិយាជាដើម៕