(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងប្រើប្រាស់យានអវកាសរបស់ខ្លួនហៅថា DART ដើម្បីធ្វើឲ្យអាចម៍ផ្កាយមួយដុំខ្ទាតចេញពីគន្លងគោចររបស់វា ជាលើកដំបូងនៅឆ្នាំ២០២២ខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
អាចម៍ផ្កាយខាងលើដែលឈ្មោះថា Didymoon មានបណ្តោយប្រវែងប្រហែល ១៥០ម៉ែត្រ គឺជាអាចម៍ផ្កាយដែលស្ថិតក្នុងប្រព័ន្ធអាចម៍ផ្កាយភ្លោះហៅថា Didymos។ និយាយរួម Didymoon គឺដូចទៅនឹងព្រះច័ន្ទដែលវិលជុំវិញផែនដីយ៉ាងដូច្នោះ។ យានអវកាស DART នឹងក្លាយជាការព្យាយាមលើកទីមួយរបស់អង្គការ NASA ក្នុងការធ្វើបទបង្ហាញអំពីសមត្ថភាពនៃបច្ចេកទេស Kinetic Impactor ដែលនឹងធ្វើឲ្យអាចម៍ផ្កាយ Didymoon ផ្លាស់ប្តូរគន្លងធ្វើដំណើររបស់វា ក្រោមគោលដៅការពារភពផែនដីប្រឆាំងនឹង ការវាយប្រហារនាពេលអនាគត ពីអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់។
ទីភ្នាក់ងារអវកាស NASA បានបញ្ជាក់ថា យាន DART នឹងបំបុកខ្លួនវាជាមួយអាចម៍ផ្កាយ Didymoon ជាមួយល្បឿនប្រមាណជា ០៦គីឡូម៉ែត្រក្នុងមួយវិនាទី។ បន្ទាប់មក ការប៉ះទង្គិចគ្នាដ៏ខ្លាំងនេះ នឹងផ្លាស់ប្តូរគន្លងគោចររបស់ Didymoon នៅជុំវិញអាចម៍ផ្កាយមេរបស់វា។ បើតាម NASA យានអវកាស DART នឹងត្រូវបាញ់បញ្ជូនឡើងទីអវកាសនៅចន្លោះខែធ្នូ ឆ្នាំ២០២០ និងខែឧសភា ឆ្នាំ២០២១ ហើយវានឹងទៅស្ទាក់អាចម៍ផ្កាយ Didymoon នៅអំឡុងដើមខែតុលា ឆ្នាំ២០២២ នៅពេលប្រព័ន្ធអាចម៍ផ្កាយ Didymos ស្ថិតនៅចម្ងាយ ១១លានគីឡូម៉ែត្រពីផែនដី៕