(សិង្ហបុរី)៖ តារាសម្តែងជនជាតិសិង្ហបុរីឈ្មោះ អាឡូយស៊ីស ផេង (Aloysius Pang) បានទទួលមរណភាព ក្រោយរងរបួសធ្ងន់នាអំឡុងការហ្វឹកហ្វឺនមួយរបស់យោធាសិង្ហបុរី នៅឯប្រទេសនូវែលសេឡង់។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងការពារជាតិសិង្ហបុរី ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
ក្រសួងការពារជាតិសិង្ហបុរីបានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយនឹងត្រូវបង្កើតឡើង ដើម្បីស្រាវជ្រាវលម្អិតលើរឿងហេតុ ដែលឈានរហូតដល់ការបាត់បង់ជីវិតរបស់លោក Aloysius Pang។ ទន្ទឹមនឹងនេះលទ្ធផលរកឃើញបឋម ក៏នឹងត្រូវប្រកាសជាសាធារណៈផងដែរ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពប្រមុខការពារជាតិសិង្ហបុរីតែម្តង។
គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិង្ហបុរី លោក Pang វ័យ ២៨ឆ្នាំ បានទទួលមរណភាពនាវេលាយប់ថ្ងៃពុធ នៅឯមន្ទីរពេទ្យ វ៉ៃកាតូ (Waikato) ក្នុងទីក្រុង ហាមីលតុន (Hamilton) ប្រទេសនូវែលសេឡង់។ នៅពេលកើតហេតុកាលពីថ្ងៃទី១៩ ខែមករា លោក Pang ដែលមានអាជីពជាតារាសម្តែងដ៏ល្បីម្នាក់ គឺកំពុងហ្វឹកហាត់ការងារជួសជុលក្នុងកាំភ្លើងធំ ហូវីតហ្សែរ (Howitzer) របស់សិង្ហបុរី នៅឯកន្លែងហ្វឹកហ្វឺន វ៉ៃអួររុ (Waiouru) នៅនូវែលសេឡង់។
ក្រោយពេលកើតហេតុ លោក Pang ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើជាបន្ទាន់ និងបានឆ្លងកាត់ការវះកាត់ជាច្រើន ពោលគឺត្រូវបានក្រុមគ្រូពេទ្យនៅនូវែលសេឡង់ ប្រឹងប្រែងសង្រ្គោះដោយអស់ពីសមត្ថភាព ប៉ុន្តែទីបំផុតនៅតែបានទទួលបរាជ័យ។ ក្រសួងការពារជាតិសិង្ហបុរីបានបញ្ជាក់ថា យោធាសិង្ហបុរីនឹងរៀបចំចាត់ចែងនាំយកសាកសពលោក Pang ត្រឡប់មកប្រទេសកំណើតវិញ៕