(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនឹងសម្រេចជ្រើសតាំងព្រះមហាក្សត្រថ្មី នៅថ្ងៃព្រហស្បតិ៍នេះតែម្តង ក្រោយពីព្រះរាជាអង្គមុនបានប្រកាសដាក់រាជ្យសម្បត្តិ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ទ្រង់បានរៀបអភិសេកជាមួយអតីតបរវកញ្ញារុស្ស៊ីស្ងាត់ៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីគ្រងរាជ្យបានរយៈពេលត្រឹម ០២ឆ្នាំ ព្រះចៅ ស៊ុលតង់ មូហាំម៉េដ (Sultan Muhammad) ទី ៥ បានសម្រេចព្រះទ័យយាងចុះចេញពីរាជបល្ល័ង្កកាលពីថ្ងៃទី០៦ ខែមករា បន្ទាប់ពីមានការលេចចេញព័ត៌មានថា ទ្រង់បានរៀបអភិសេកជាមួយអតីតបរវកញ្ញានៃប្រទេសរុស្ស៊ីឈ្មោះ អូកសាណា វឿវូឌីណា (Oksana Voevodina)។ ដំណឹងនេះបានបង្កភាពភ្ញាក់ផ្អើលនៅទូទាំងម៉ាឡេស៊ី ព្រោះវាគឺជាដាក់រាជ្យលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាស៊ានមួយនេះ។
គួរជម្រាបថា ប្រព័ន្ធរាជានិយមរបស់ម៉ាឡេស៊ីមានលក្ខណៈពិសេសប្លែក គឺតំណែងព្រះមហាក្សត្រតែងតែត្រូវផ្លាស់ប្តូរជារៀងរាល់ ០៥ឆ្នាំម្តង រវាងព្រះចៅ Sultan ប្រចាំរដ្ឋចំនួន ០៩នៃប្រទេសម៉ាឡេស៊ី។ ដូច្នេះហើយព្រះរាជាថ្មីដែលនឹងត្រូវជ្រើសរើសក្នុងថ្ងៃព្រហស្បតិ៍នេះទំនងជាព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Sultan Abdullah) ព្រះជន្ម៥៩ព្រះវស្សា នៃរដ្ឋផាហាង (Pahang) ព្រោះថាបើគិតពីលំដាប់លំដោយលើកនេះគឺដល់វេនរដ្ឋ Pahang ហើយ។
យ៉ាងណាមិញ ក្នុងករណីព្រះចៅ Sultan Abdullah ប្រើរាជសិទ្ធិបដិសេធមិនទទួលយកតំណែងព្រះមហាក្សត្រ ឬក៏ត្រូវក្រុមប្រឹក្សារាជវង្សម៉ាឡេស៊ីវាយតម្លៃឃើញថា មិនសាកសមនោះ រាជបល្ល័ង្កនឹងត្រូវធ្លាក់ជាបន្តទៅលើព្រះចៅ Sultan នៃរដ្ឋចូហ័រ (Johor)។ ព្រះរាជាម៉ាឡេស៊ីថ្មីនឹងត្រូវឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការនៅថ្ងៃទី៣១ ខែមករា នៅក្នុងព្រះរាជពិធីដ៏ធំសម្បើមមួយ ដូចរាល់អាណត្តិ៕