(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចំពោះវេណេស៊ុយអេឡា ប្រសិនបើពលរដ្ឋ ឬមួយក៏មន្ត្រីទូតអាមេរិកណាម្នាក់រងគ្រោះថ្នាក់ ដោយសារតែប្រកាសបណ្តេញពួកគេចេញពីប្រទេសអាមេរិកឡាទីនមួយនេះនៅក្នុងរយៈពេល ៧២ម៉ោង កាលពីថ្ងៃពុធនោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
បន្ថែមពីការព្រមានខាងលើនេះ ប្រមុខការទូតអាមេរិកក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមិនជឿជាក់ឡើយថា លោក ម៉ាឌូរ៉ូ មានភាពស្របច្បាប់ក្នុងការផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន ព្រោះអាមេរិកធ្លាប់បានប្រកាសរួចហើយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡានោះទេ។ ដូច្នេះលោក ប៉ុមប៉េអូ បានសន្មត់ថា ការបណ្តេញទូតអាមេរិកចេញពីទីក្រុងការ៉ាកាស់ គឺជារឿងបុគ្គលរបស់លោក ម៉ាឌូរ៉ូ ប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីជំហររដ្ឋាភិបាលស្របច្បាប់វេណេស៊ុយអេឡា ដែលអាមេរិកបានទទួលស្គាល់នោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបណ្តេញមន្ត្រីទូត និងកាត់ផ្តាច់ចំណងទាក់ទងនានាជាមួយអាមេរិកបន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសប្រាប់ពិភពលោកថា ខ្លួនទទួលស្គាល់ប្រធានបក្សប្រឆាំងនៅវេណេស៊ុយអេឡាលោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្របច្បាប់ និងចង់ឲ្យមានការបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅវេណេស៊ុយអេឡា ដែលត្រូវបានលោក ម៉ាឌូរ៉ូ ចោទប្រកាន់ថែមទៀតថា អាមេរិកកំពុងបំផុសឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលជារដ្ឋាភិបាលស្របច្បាប់៕