(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នាថ្ងៃអង្គារសប្តាហ៍នេះយន្តហោះយោធាចិនបានធ្វើការហោះហើរនៅពីលើច្រកសមុទ្រ បាស៊ី (Bashi Channel) ដែលស្ថិតនៅលើផែនសមុទ្រចន្លោះកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះយោធាចិនទាំងនោះមានដូចជា យន្តហោះចម្បាំងធុន Sukhoi Su-30 និងយន្តហោះប្រភេទដឹកជញ្ជូន Shaanxi Y-8 ដែលហោះចេញពីភាគខាងត្បូងចិនដីគោក ហើយឆ្លងកាត់ពីលើច្រកសមុទ្រ Bashi រួចក៏បន្តទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារកន្លងទៅ។ ជាការឆ្លើយតប យោធាតៃវ៉ាន់បានបញ្ជូនយន្តហោះ និងនាវាស៊ើបការណ៍ ដើម្បីធានានូវសុវត្ថិភាពដែនអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់។
គួរជម្រាបថា កងទ័ពជើងទឹក និងជើងអាកាសចិន តែងតែបានធ្វើសកម្មភាពល្បាតនៅក្បែរៗដែនទឹក និងដែនអាកាសតៃវ៉ាន់ ចាប់តាំងតែពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលជាអ្នកឯករាជ្យនិយម បានជាប់ឆ្នោតកាលពីឆ្នាំ២០១៦។ នៅថ្ងៃទី៤ ខែមករានេះ លោកស្រី Tsai ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រ និងការពារលទ្ធិប្រជាធិបតេយ្យនៃដែនដីកោះមួយនេះផងដែរ ក្រោយពីលោកស្រីបានមើលឃើញថា ប្រទេសចិនកាន់តែបង្កើនសម្ពាធ ដើម្បីកុំឲ្យកោះនេះបង្ហាញចេតនាប្រកាសឯករាជ្យ។
បើសម្លឹងទៅមើលភាពជាក់ស្តែង កោះតៃវ៉ាន់គឺត្រឹមតែជាខេត្តស្វយ័តមួយរបស់ចិនប៉ុណ្ណោះ ដែលទិដ្ឋភាពនេះត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ ហើយដោយសារតែការចង់រក្សាសុខសន្តិភាពក្នុងតំបន់ ទើបការគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងរបស់កោះតៃវ៉ាន់ ពុំត្រូវបានទីក្រុងប៉េកាំងចោទជាបញ្ហានោះឡើយ។ ប៉ុន្តែចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន ដែលជាមេដឹកនាំមានចេតនាចង់ទាមទារឯករាជ្យបានជាប់ឆ្នោតនោះ ស្ថានការណ៍ក្នុងតំបន់បាននិងកំពុងប្រែប្រួលទៅរកភាពអវិជ្ជមាន ខណៈកោះតៃវ៉ាន់ផ្ទាល់ត្រូវបានគេមើលឃើញថា មានសហរដ្ឋអាមេរិកនៅពីក្រោមចាំជួយជ្រោមជ្រែង៕