(វ៉ាស៊ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់ជិវិតមនុស្ស០៥នាក់ ក្នុងពេលធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងធនាគារមួយកន្លែង ស្ថិតនៅក្នុងរដ្ឋផ្លូរីដាសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនៅទីក្រុង សេប្រ៊ីង (Sebring) ភាគកណ្តាលរដ្ឋផ្លូរីដា និងស្ថិតចម្ងាយ ១៤០គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុង អូរឡេនដូ (Orlando)។ ក្រោយពេលធ្វើសកម្មភាពជនសង្ស័យ ក៏បានសម្រេចចូលមកឲ្យប៉ូលិសចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរបានឡោមព័ទ្ធធនាគារកើតហេតុ។ យ៉ាងណាមិញពុំមានការបញ្ជាក់ច្បាស់ថា ក្រៅពីអ្នកស្លាប់ តើមានមនុស្សរងរបួសដែរ ឬក៏អត់នោះឡើយ។
គួរជម្រាបថា ជនសង្ស័យខាងលើមានឈ្មោះ ហ្សេហ្វិន សាវែរ (Zephen Xaver) អាយុ ២១ឆ្នាំ ខណៈអាជ្ញាធរមិនទាន់អាចកំណត់បាននៅឡើយទេ ជុំវិញចេតនានៅពីក្រោយទង្វើរបស់ជននេះ តែអភិបាលរដ្ឋផ្លូរីដាលោក រ៉ុន ឌែសាន់ទីស (Ron DeSantis) បានសន្យាថា ជនសង្ស័យនឹងត្រូវទទួលទោសដោយសមទៅនឹងទង្វើរបស់ខ្លួន។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ករណីបាញ់ប្រហារស្លាប់មនុស្សជាច្រើនបានកើតមាននៅរដ្ឋផ្លូរីដា តួយ៉ាងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ យុវជនម្នាក់បានបាញ់សម្លាប់មនុស្ស ១៧នាក់ នៅវិទ្យាល័យមួយកន្លែងក្នុងក្រុង ផាកឡេន (Parkland) រីឯនៅខែមិថុនា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងម្នាក់បានផ្តាច់ជីវិតមនុស្ស ៤៩នាក់ ក្នុងក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងនៅក្រុង Orlando៕