(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាប្រទេសរបស់លោកមានអាវុធ ទំនើបៗល្អដាច់គេជាច្រើននៅលើពិភពលោក ដែលអាចបំផ្លាញអ្នកទាំងឡាយចង់សាកល្បងវាយប្រហារលើអ៊ីស្រាអែល។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលរោងចក្រឧស្សាហកម្ម អវកាសអ៊ីស្រាអែល ដែលទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមានអាវុធទំនើបៗល្អដាច់គេជាច្រើននៅលើពិភពលោក...ហើយអាវុធទាំងនេះអាចកម្ទេចរាល់សត្រូវទាំងអស់ដែលចង់សាកល្បងបំផ្លាញពួកយើង។ ប៉ុន្តែយើងនឹងបន្តអភិវឌ្ឍអាវុធទំនើបៗបន្ថែមទៀតដើម្បីធានាសន្តិសុខអ៊ីស្រាអែល និងប្រជាជនរបស់យើង»។
គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោក Benjamin Netanyahu ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារ ជាតិអ៊ីស្រាអែលអះអាងពីការធ្វើតេស្ដសាកល្បងដោយជោគជ័យលើប្រព័ន្ធខែលការពារមីស៊ីល Arrow 3 ៕