(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នៅទីបំផុតកាលបរិច្ឆេទជាក់លាក់ នៃការរៀបចំការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ ត្រូវបានប្រកាសចេញជាផ្លូវការហើយនៅមុននេះបន្តិច ដោយគណកម្មការរៀបចំការបោះឆ្នោតថៃ ដោយសម្រេចយកថ្ងៃទី២៤ ខែមីនាខាងមុខនេះជាថ្ងៃបោះឆ្នោតសកល៕
២៖ ទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថានកូរ៉េខាងត្បូងមានគម្រោងដឹកនាំការធ្វើតេស្ដបង្កើតភ្លៀងសិប្បនិម្មិត នៅឯតំបន់ដែនទឹកភាគខាងលិចនៃប្រទេសនៅក្នុងសប្ដាហ៍នេះ ដើម្បីមើលពីប្រសិទ្ធិភាពកាត់បន្ថយធូលី៕
៣៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) បាននិយាយថា លោកនឹងប្រាប់ឱ្យលោក ដូណាល់ ត្រាំ ចុះចេញពីតំណែង បើសិនជាលោកអាចនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិករូបនេះ៕
៤៖ កងទ័ពចិនកំពុងតែធ្វើការអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មី ដើម្បីប្រើប្រាស់ជំនួសយន្តហោះទម្លាក់គ្រាប់បែកចាស់ៗរបស់ខ្លួន ដែលសល់តាំងពីសម័យសូវៀត។
៥៖ ខណៈសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន សុទ្ធតែកំពុងសម្លឹងមើលការបង្កើតមូលដ្ឋាននៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាពេល ថ្មីៗនេះទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក៏មានគោលដៅដូចគ្នាផងដែរ៕
៦៖ ព្រឹទ្ធសភាអាមេរិកនឹងធ្វើការបោះឆ្នោតសម្រេចទៅលើសេចក្តីព្រាងថវិកាចំនួនពីរ ក្រោមគោលបំណងព្យាយាមបញ្ចប់ការបិទទ្វាររដ្ឋាភិបាល ដែលបានអូសបន្លាយជាងមួយខែមកហើយ៕