(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយរួប នៃគណបក្សប្រជាធិបតេយ្យលោក ម៉ាក វ៉ណឺ (Mark Warner) នាថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅបញ្ចៀសកុំឲ្យមាន ការបិទទ្វាររដ្ឋាភិបាលនាពេលក្រោយៗទៀត ដែលតែងតែបានធ្វើឲ្យប្រទេសជាតិទាំងមូលខាតបង់នោះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់ខាងលើមានឈ្មោះ «Stop STUPIDITY Act ឬបញ្ឈប់ភាពឆ្កួតលីលា» នឹងផ្តល់ថវិកាទ្រទ្រង់សាជាថ្មីឡើងវិញ ដោយស្វ័យប្រវត្តិដល់រដ្ឋាភិបាលអាមេរិក ក្នុងកម្រិតដូចទៅនឹងកញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធកន្លងទៅ ប៉ុន្តែមិនរាប់បញ្ចូលនូវស្ថាប័ននីតិបញ្ញតិ និងស្ថាប័ននីតិប្រតិបត្តិនៃការិយាល័យប្រធានាធិបតីឡើយ។
បើតាម លោក Warner សេចក្តីព្រាងច្បាប់ខាងលើនឹងបង្ខំឲ្យសភា ព្រមទាំងសេតវិមានអង្គុយចុះចរចាគ្នា ដោយពុំចាំបាច់ត្រូវធ្វើឲ្យសេដ្ឋកិច្ចជួបហានិភ័យ ឬក៏បណ្តាលឲ្យសាធារណជនអាមេរិករងគ្រោះនោះឡើយ។ ម៉្យាងវិញទៀត ក្រុមព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ ដែលដឹកនាំដោយលោក រ៉ុប ផតមែន (Rob Portman) ក៏បានបង្ហាញចេញនូវសេចក្តីព្រាងច្បាប់មួយស្រដៀងគ្នាផងដែរ ហៅថា End Government Shutdown Act។
គួរជម្រាបថា ប្រមាណជាមួយភាគបួន នៃរដ្ឋាភិបាលសហព័ន្ធអាមេរិកត្រូវបានបិទទ្វារកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយសារបញ្ហាវិវាទរវាងសេតវិមាន និងសភាជាតិ ជុំវិញថវិកាជាង ៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលជាការទាមទារជាយូរណាស់មកហើយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ការបិទទ្វាររដ្ឋាភិបាលអាមេរិកខាងលើ មានរយៈពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ គឺបានអូសបន្លាយជាង ៣០ថ្ងៃហើយ ខណៈបុគ្គលិករដ្ឋប្រមាណ ៤២០,០០០នាក់ត្រូវធ្វើការដោយពុំទទួលបានប្រាក់ឈ្នួល និង ៣៨០,០០០នាក់ត្រូវផ្អាកការងារ។
គួរបញ្ជាក់ថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិកនឹងធ្វើការបោះឆ្នោតសម្រេចទៅលើសេចក្តីព្រាងថវិកាចំនួនពីរ ដែលមានគោលដៅបើកទ្វាររដ្ឋាភិបាលឡើងវិញ។ ក្នុងនោះមួយរួមមាននូវថវិកា ៥.៧ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែន រីឯកញ្ចប់មួយទៀតនឹងឧបត្ថម្ភថវិកាដល់បណ្តាស្ថាប័នរដ្ឋ ដែលប៉ះពាល់ដោយការបិទទ្វាររដ្ឋាភិបាល រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ៕