(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថានកូរ៉េខាងត្បូងមានគម្រោងដឹកនាំការធ្វើតេស្ដបង្កើតភ្លៀងសិប្បនិម្មិត នៅឯតំបន់ដែនទឹកភាគខាងលិចនៃប្រទេសនៅក្នុងសប្ដាហ៍នេះ ដើម្បីមើលពីប្រសិទ្ធិភាពកាត់បន្ថយធូលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
ភ្លៀងសិប្បនិម្មិតនឹងត្រូវធ្វើតេស្ដសាកល្បងនៅថ្ងៃសុក្រសប្ដាហ៍ នៅឯភាគនិរតីនៃខេត្ត គ្យុងជី (Gyeonggi) និងតំបន់ដែនទឹកនៃឆ្នេរភាគខាងលិចប្រទេសដោយប្រើប្រាស់យន្ដហោះឧតុនិយមមួយគ្រឿង។ យន្ដហោះនេះនឹងបាញ់ចេញម្សៅ iodide ប្រាក់ទៅ ក្នុងបរិយាកាសដើម្បីបង្កើតពពក-ភ្លៀងសិប្បនិម្មិត ក្រោមជំនួយពីប្រព័ន្ធផ្កាយរណប និងរ៉ាដាដែលអាចនឹងផ្លាស់ប្ដូរដង់ស៊ីតេ នៃកម្ទេចធូលី។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏ត្រូវបានគេរាយការណ៍ផងដែរថា ដឹកនាំប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិត ១៥ដងនៅក្នុង ឆ្នាំ២០១៩នេះ។ ប៉ុន្តែទន្ទឹមគ្នា ប្រសិទ្ធភាពនៃការកាត់បន្ថយធូលី តាមរយៈបច្ចេកទេសនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ទេ ស្របពេលរដ្ឋាភិបាលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងចាត់វិធានការបន្ថែមកាត់បន្ថយផ្សែង និងធូលី ដោយកាត់បន្ថយការប្រើប្រាស់រថយន្ដម៉ាស៊ូត៕