(ស្វីស)៖ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅឯទីក្រុង ដាវូស (Davos) ប្រទេសស្វីស ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ចិន Huawei លោក លាង ហ័រ (Liang Hua) បាននិយាយថា ក្រុមហ៊ុនលោកអាចធ្វើការផ្ទេរបច្ចេកវិទ្យានៅក្នុងប្រទេសដែលខ្លួនទទួលបានការស្វាគមន៍ ប៉ុន្តែអាចនឹងដើរចេញពីប្រទេសទាំងឡាយណា ដែលមិនពេញចិត្តនឹងវត្តមានរបស់ Huawei។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
លោក Liang បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Huawei កំពុងអនុវត្តន៍គ្រប់ជំហានទៅតាមច្បាប់នៃប្រទេសដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ខណៈដែលក្រុមហ៊ុននេះ បានស្ថិតក្រោមការរិះគន់ធ្ងន់ៗ និងការមិនទុកចិត្ត ពីសំណាក់រដ្ឋាភិបាលប្រទេសលោកខាងលិច ដែលមានការព្រួយបារម្ភថា ផលិតផលនានារបស់ Huawei អាចប្រើប្រាស់ដើម្បីស៊ើបការណ៍សម្ងាត់ទៅវិញ។
បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងជាប់បម្រាមមិនឲ្យមានការចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលអាមេរិកឡើយ ដោយសារស្ថាប័នចារកម្មអាមេរិកមានការសង្ស័យថា ស្ថាបនិក Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) អាចមានទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តចិន។ ក្រៅពីនេះក្រុមហ៊ុនអង់គ្លេស BT ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ឧបករណ៍នានារបស់ Huawei កំពុងត្រូវរើរុះចេញពីប្រព័ន្ធទំនាក់ទំនង នៃសេវាសង្រ្គោះបន្ទាន់របស់ចក្រភពអង់គ្លេស។ ម៉្យាងវិញទៀត អាល្លឺម៉ង់ថែមទាំងកំពុងពិចារណាហាមប្រាមការប្រើប្រាស់ប្រព័ន្ធបណ្តាញទូរស័ព្ទចល័តជំនាន់ក្រោយ 5G របស់ក្រុមហ៊ុន Huawei ទៀតផង។
ទោះជាបែបនេះក្តី Huawei នៅតែអះអាងជាដដែលថា ខ្លួនជាក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ ដែលពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិននោះទេ។ សេចក្តីប្រកាសដែលថា Huawei អាចនឹងដើរចេញពីទីផ្សារលោកខាងលិចនេះ ធ្វើឡើងចំពេលមាសេចក្តីរាយការណ៍ព័ត៌មានថា សហរដ្ឋអាមេរិកបានបដិសេធចំពោះកិច្ចប្រជុំមួយស្តីពីការរៀបចំផែនការពាណិជ្ជកម្ម ជាមួយភាគីចិននៅសប្តាហ៍នេះ ដោយសារតែភាពខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ ជុំវិញការអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា៕