(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) បាននិយាយថា លោកនឹងប្រាប់ឱ្យលោក ដូណាល់ ត្រាំ ចុះចេញពីតំណែង បើសិនជាលោកអាចនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិករូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
លោក John Kerry ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ CNBC នៅអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះអតីតប្រមុខការទូតអាមេរិករូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនអាចលេងល្បែងនេះបានទេ... ពីព្រោះគាត់ (លោក ត្រាំ) មិនមានភាពប្រាកដប្រជា ហើយគាត់ក៏មិនមានសមត្ថភាព ធ្វើកិច្ចសន្ទនារបៀបនេះដែរ។ ប៉ុន្តែបើសិនជាខ្ញុំអាចនិយាយជាមួយគាត់ផ្ទាល់ ខ្ញុំនឹងប្រាប់ឱ្យគាត់ចុះចេញពីតំណែង»។
គួរជម្រាបថា លោក John Kerry ដែលធ្លាប់ជាអតីតបេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០០៤ ក៏ធ្លាប់បានរិះគន់លោក ដូណាល់ ត្រាំ ផងដែរចំពោះការសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុកាលពីឆ្នាំ២០១៧ និងបានចោទទៀតថា លោក ត្រាំ បានកុហកប្រជាជនអាមេរិកពីផលវិបាក ដែលបង្កឡើងដោយការដកខ្លួនចេញនេះ៕