(បាងកក)៖ ទីបំផុតព្រះមហាក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យមានការរៀបចំដំណើរការបោះឆ្នោតសាកលជាផ្លូវការ នៅក្នុងប្រទេសថៃ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោត ដែលបានពន្យារពេលជាច្រើនលើកច្រើនសានេះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីការចេញព្រះរាជក្រឹត្យនាថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មានរយៈពេល ០៥ថ្ងៃ ដើម្បីកំណត់ក៏ដូចជាប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត។ កន្លងទៅនេះរដ្ឋាភិបាលយោធាថៃធ្លាប់បានអះអាងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅមិនឲ្យលើសពីខែកុម្ភៈឡើយ ប៉ុន្តែការចេញព្រះរាជក្រឹត្យនាថ្ងៃនេះរបស់ព្រះមហាក្សត្រថៃ មានន័យថា ថ្ងៃបោះឆ្នោតទំនងជានឹងត្រូវលើកទៅដល់យ៉ាងហោចណាស់ក៏ខែមីនាដែរ។
ថ្មីៗនេះឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) បានលើកឡើងថា ថ្ងៃទី២៤ ខែមីនា ជាថ្ងៃសាកសមបំផុត ព្រោះវានឹងផ្តល់ពេលគ្រប់គ្រាន់សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោត។ យ៉ាងណាក៏ដោយ ការបោះឆ្នោតសាកលនៅប្រទេសថៃត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅមុនពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ដែលនឹងប្រារព្ធឡើងនាអំឡុងដើមខែឧសភា។
គួរជម្រាបថា ការបោះឆ្នោតសាកលនាឆ្នាំ២០១៩នេះ នឹងក្លាយជាការបោះឆ្នោតតាមបែបលទ្ធប្រជាធិបតេយ្យលើកដំបូង គិតចាប់តាំងពីរដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕