(វៀងច័ន្ទ)៖ សារព័ត៌មាន Vientiane Times នៅថ្ងៃពុធនេះបានរាយការណ៍ថា ប្រទេសឡាវបានសម្រេចចិត្ត «កាត់បន្ថយពន្ធនាំចូលរហូតដល់សូន្យ» លើផលិតផល ៨,៥៣៦មុខ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
Vientiane Times ផ្អែកលើរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ បានឱ្យដឹងទៀតថា រដ្ឋាភិបាលឡាវនឹងឈប់យកពន្ធនាំចូលលើផលិតផល ៨,៥៣៦មុខ ពីបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ទំនិញទាំងនេះគឺស្មើនឹង ៨៩ភាគរយ នៃទំនិញសរុបដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី ដែលឡាវធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសជាសមាជិកដទៃទៀត ក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ឬហៅកាត់ថា ATIGA។
លើសពីនេះទៅទៀត របាយការណ៍នេះដដែលក៏បានបញ្ជាក់ដែរថា ក្រោមកិច្ចព្រមព្រៀង ATIGA ឡាវអាចរក្សាពន្ធនាំចូលតែទៅលើផលិតផលមួយចំនួនតែប៉ុណ្ណោះ ពោលគឺផលិតផលទាំងឡាយណាដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់ស្ថេរភាពសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ATIGA ប្រទេសជាសមាជិកនីមួយៗមានសិទ្ធិបង្កើតបញ្ជីផលិតផល ដែលត្រូវអាចរក្សាកម្រិតនៃការយកពន្ធនាំចូល សំដៅបង្ការហានិភ័យនានា នៃការធ្លាក់ចុះប្រាក់ចំណូលនៅក្នុងស្រុក។ ចំណែកឯ ការកាត់បន្ថយពន្ធ គឺមានគោលដៅជួយដល់អ្នកផលិត និងពាណិជ្ជករនៅក្នុងតំបន់អាចចែកចាយផលិតផលរបស់ពួកគេកាន់តែច្រើនដោយសេរី ព្រមទាំងកាត់បន្ថយការចំណាយលើការប្រតិបត្តិការពាណិជ្ជកម្មផងដែរ៕