(ប៉ារីស) ៖ តារាចម្រៀងជនជាតិអាមេរិកលោក គ្រីស ប្រោន (Chris Brown) ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២១ ខែមករា ជាមួយនឹងមនុស្សចំនួន ០២នាក់ផ្សេងទៀត ដោយជាប់សង្ស័យពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាមប្រភពពីមន្ត្រីប៉ូលិសបារាំង ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ឲ្យដឹងនាព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
លោក Brown រួមជាមួយនឹងអង្គរក្សរបស់លោក និងមិត្តភក្តិម្នាក់របស់លោកត្រូវបានឃុំខ្លួន បន្ទាប់ពីស្ត្រីវ័យ ២៤ឆ្នាំម្នាក់បានអះអាងប្រាប់សមត្ថកិច្ចបារាំងថា នាងត្រូវបានប្រុសៗចាប់រំលោភ នៅក្នុងបន្ទប់របស់តារាចម្រៀង Brown នាសណ្ឋាគារ មែនដារីន អូរៀនថល (Mandarin Oriental) កាលពីយប់ថ្ងៃទី១៥ ខែមករា។ ស្ត្រីដដែលនេះបានបន្តថា នាងបានជួបក្រុមបុរសទាំងនេះ នៅឯក្លឹបកម្សាន្តរាត្រីមួយនាទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី១៥ ខែមករានោះ។
យ៉ាងណាមិញ លោក Brown និងអង្គរក្សព្រមទាំងមិត្តភក្តិរបស់លោក ភ្លាមៗនេះ មិនអាចសុំការបកស្រាយបាននោះទេ។ គួររំលឹកថា តារាចម្រៀង Brown ដែលធ្លាប់មានបញ្ហាផ្លូវច្បាប់ជាច្រើន ក្នុងនោះរួមទាំងករណីចាប់រំលោភតារាចម្រៀងស្រី រីហាណា (Rihanna) កាលពីឆ្នាំ២០០៩ផងនោះ បាននឹងកំពុងជាប់ឃុំខ្លួននៅឡើយ រហូតដល់នៅថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
កាលពីឆ្នាំ២០១៦ តារាចម្រៀង Brown ត្រូវបានចាប់ខ្លួននៅទីក្រុង Los Angeles បន្ទាប់ពីស្ត្រីម្នាក់បានបញ្ជាក់ថា លោកបានភ្ជង់កាំភ្លើងលើរូបនាង។ ប៉ុន្តែលោក Brown បានបដិសេធក្នុងការប្រព្រឹត្តកំហុសឆ្គង។ ដោយឡែកការដាក់ទោសពីបទចាប់រំលោភ នៅក្នុងប្រទេសបារាំង អាចឲ្យលោកជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ៕