(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថា ទីក្រុងការ៉ាកាស់នឹងពិចារណាឡើងវិញ លើទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផេន (Mike Pence) បង្ហាញការគាំទ្រឱ្យមេដឹកនាំបក្សប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) បង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារកន្លងទៅ លោក Mike Pence បាននិយាយនៅក្នុងវីដេអូមួយថា រដ្ឋាភិបាលអាមេរិកគាំទ្រលើគំនិតបង្កើត រដ្ឋាភិបាលអន្តរកាលរបស់លោក Guaido ដែលបានចាត់ទុកថា លោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីខុសច្បាប់។ ប៉ុន្តែលោក ម៉ាឌូរ៉ូ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងហើយថា នឹងពិចារណាឡើងវិញលើទំនាក់ទំនងរបស់ខ្លួនជាមួយ ទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «ខ្ញុំបានបង្គាប់ក្រសួងការបរទេសវេណស៊ុយអេឡាពិនិត្យឡើងវិញលើទំនាក់ទំនងទាំងឡាយជាមួយសហរដ្ឋអាមេរិក ហើយចាត់វិធានការនយោបាយនានាជាការឆ្លើយតប ខណៈអនុប្រធានាធិបតីអាមេរិកបានដើរហួសព្រំដែនកំណត់»។
គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឡើងស្បថកាន់តំណែងជាប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ សម្រាប់អាណត្តិទី២ របស់លោកដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនភាគច្រើនមិនបានទទួលស្គាល់ ខណៈគណបក្សប្រឆាំងវេណេស៊ុយអេឡាចាត់ទុកថា ការកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ ផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ៕