(វ៉ាស៊ីនតោន)៖ កងទ័ពចិនកំពុងតែធ្វើការអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មី ដើម្បីប្រើប្រាស់ជំនួសយន្តហោះទម្លាក់គ្រាប់បែកចាស់ៗរបស់ខ្លួន ដែលសល់តាំងពីសម័យសូវៀត។ នេះបើតាមការលើកឡើង ក្នុងរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីមួយរបស់អាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
កន្លងទៅថ្មីៗនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្នែកយោធា DIA របស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ឲ្យដឹងថា កងទ័ពអាកាសចិនកំពុងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ (ប្រព័ន្ធរ៉ាដាមិនងាយចាប់បាន) ប្រភេទរយៈចម្ងាយឆ្ងាយ និងមធ្យមដើម្បីធ្វើប្រតិបត្តិការនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។
នៅក្នុងសេចក្តីប្រកាសមួយកាលពីខែសីហា ឆ្នាំ២០១៨ ស្ថានីយទូរទស្សន៍ចិន CCTV បានបញ្ជាក់ថា យន្តហោះឈ្មោះ Hong-20 គឺជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយស៊េរីថ្មីរបស់ចិន ហើយវាប្រហែលជាអាចធ្វើការហោះហើរជាលើកដំបូងក្នុងឆ្នាំនេះ។ យន្តហោះ H-20 ត្រូវក្រុមអ្នកវិភាគជឿជាក់ថា មានសមត្ថភាព និងលក្ខណៈស្រដៀងទៅនឹងយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit របស់ទ័ពអាកាសអាមេរិក ដែលផលិតឡើងដោយក្រុមហ៊ុន Northrop Grumman។
សម្រាប់យន្តហោះទម្លាក់គ្រាប់បែកមួយទៀត ដែលចិនកំពុងអភិវឌ្ឍន៍ ត្រូវទីភ្នាក់ងារ DIA ពិពណ៌នាថា ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយមធ្យម ហើយអាចមានរូបរាងស្រដៀងពពួកយន្តហោះចម្បាំង ប៉ុន្តែមានទំហំធំ និងទម្ងន់ធ្ងន់ជាង។ យន្តហោះនេះត្រូវគេដាក់ឈ្មោះមិនផ្លូវការឲ្យថា JH-XX។
គួរជម្រាបថា ការអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកថ្មីៗទាំងនេះអាចចាត់ទុកថា ជាការបោះជំហានធំមួយសម្រាប់ទ័ពអាកាសចិន ដែលសព្វថ្ងៃប្រើយន្តហោះទម្លាក់គ្រាប់បែក Xian H-6 ដែលសល់តាំងសម័យសហភាពសូវៀត ជាយន្តហោះទម្លាក់គ្រាប់ស្នូលរបស់ខ្លួន៕