(ដាម៉ាស់)៖ រដ្ឋាភិបាលស៊ីរីបានព្រមានថានឹងពិនិត្យឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងឡាយ ដើម្បីការពារខ្លួនឯងពីការឈ្លានពាន ពីសំណាក់អ៊ីស្រាអែល ហើយថាអាចនឹងបើកការវាយប្រហារលើអាកាសយានដ្ឋានទីក្រុង តែល អាវីវ បើសិនជាក្រុមបឹ្រក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចបញ្ឈប់ការលុកលុយរបស់យោធាអ៊ីសា្រអែលចូលក្នុងដែនអាកាសស៊ីរីទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់ទីក្រុងដាម៉ាស់ ធ្វើឡើងដោយតំណាងអចិន្ត្រៃយ៍ស៊ីរីប្រចាំអង្គការសហប្រជាជាតិ លោក Bashar al-Jaafari និងក្រោយអ៊ីសា្រអែល បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើគោលដៅជាច្រើនកន្លែងនៅក្បែរអាកាសយានដ្ឋានទីក្រុងដាម៉ាស់ដោយផ្ដាច់ជីវិតកងទ័ពស៊ីរី៤នាក់ កាលពីថ្ងៃចន្ទកន្លងទៅ។ លោក al-Jaafari បានគូសបញ្ជាក់ដូច្នេះ ថា៖ «តើនេះមិនមែនជាពេលវេលាដែលក្រុមប្រឹក្សាសន្តិសុខត្រូវបញ្ឈប់ការឈ្លានពានម្ដងហើយម្ដងទៀតរបស់អ៊ីស្រាអែលលើស៊ីរីទេឬ?... ដូច្នេះបើពួកគេមិនខ្វាយខ្វល់ទេ នោះយើងនឹងពិនិត្យឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងឡាយដើម្បីការពារខ្លួនឯងពីការឈ្លានពានពីសំណាក់អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ យើងក៏អាចនឹងបើកការវាយប្រហារលើអាកាសយានដ្ឋានទីក្រុងតែល អាវីវផងដែរ ដូចដែលយោធាអ៊ីស្រាអែលធ្លាប់បានធ្វើលើអាកាសយានដ្ឋានទីក្រុងដាម៉ាស់»។
គួរបញ្ជាក់ថា លោក Bashar al-Jaafari បានចោទប្រកាន់បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកថាបានគាំទ្រឱ្យអ៊ីស្រាអែលឈ្លានពានលើស៊ីរី ដែលនេះគឺជាទង្វើរំលោភលើទំនួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាព និងសន្តិសុខពិភពលោកស្របតាមច្បាប់អន្តរជាតិ៕