(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកដែលជាស្រ្តីស្បែកខ្មៅ គឺលោកស្រី Kamala Harris នាថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថាលោកស្រីនឹងចូលរួមធ្វើការប្រកួតប្រជែងយក តំណែងប្រធានាធិបតីអាមេរិកជាមួយ លោក ដូណាល់ ត្រាំ នៅឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
លោកស្រី Kamala Harris មានឪពុកជាជនជាតិចាម៉ៃកានិងម្តាយជាជនជាតិឥណ្ឌា ដូច្នេះហើយលោកស្រីបានក្លាយជាស្រ្តីស្បែកខ្មៅដំបូងគេ ដែលនឹងប្រជែងយកតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ លោកស្រី Harris បានសង្កត់ធ្ងន់ថា សច្ចភាពនិងយុត្តិធម៌គឺជាអាទិភាពចម្បងនៅក្នុងរបៀបវារៈរបស់លោកស្រី។
គួរជម្រាបថា លោកស្រី Harris គឺជាអ្នកនយោបាយទី៦ហើយនៃបក្សប្រជាធិបតេយ្យអាមេរិក ដែលបានប្រកាសអំពីគោលបំណងប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ៕