(វ៉ាស៊ីនតោន)៖ មូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមីស៊ីលបាលិស្ទីគទាំង២០ ដែលកំពុងធ្វើប្រតិបត្តិការដោយលួចលាក់នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានប្រើប្រាស់ជាទីស្នាក់ការមីស៊ីល។ នេះបើតាមរបាយការណ៍របស់ CSIS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) បានឱ្យដឹងថាមូលដ្ឋានមីស៊ីលខាងលើមានឈ្មោះថា Sino-ri ជាទីដែលមីស៊ីល Nodong ត្រូវបានដាក់ពង្រាយ ហើយ វាក៏ត្រូវបានគេចាត់ទុកផងដែរថាជាទីតាំងដ៏សំខាន់ក្នុងការអភិឌ្ឍមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ បន្ថែមពីលើនេះ CSIS ក៏បានបញ្ជាក់ដែរថាមូលដ្ឋានមីស៊ីល Sino-ri មិនដែលក្លាយជាកម្មវត្ថុនៃកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុននោះទេ។
គួរបញ្ជាក់ថា មានទីតាំងស្ថិតនៅចំងាយ ២១២គីឡូម៉ែត្រ ពីភាគខាងជើងតំបន់ព្រំដែនគ្មានយោធា Sino-ri មានផ្ទៃ១៨គីឡូម៉ែត្រក្រឡា និងជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងដែលមានសមត្ថភាពបាញ់ដល់កូរ៉េខាងត្បូង ជប៉ុន និងកោះ Guam របស់សហរដ្ឋអាមេរិកស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕