(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធានៃប្រទេសអ៊ីស្រាអែលបានសម្រេចជោគជ័យ ក្នុងការសាកល្បងធ្វើតេស្តទៅលើប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងហៅថា Arrow 3 ដែលជាស្នាដៃអភិវឌ្ឍន៍និងផលិតរួមគ្នាជាមួយសហរដ្ឋអាមេរិក៕
២៖ ប្រទេសតួកគីកំពុងរៀបចំបើកការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ជុំវិញករណីឃាតកម្មលើអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ហើយនឹងចាត់វិធានការជាបន្តបន្ទាប់ទៀត ក្នុងប៉ុន្មានថ្ងៃខាងមុខ៕
៣៖ សំណើជាថ្មីទៀតក្នុងការសុំធានាឲ្យអតីតនាយកក្រុមហ៊ុន Nissan ឲ្យនៅក្រៅឃុំនោះ ត្រូវបានតុលាការសង្កាត់នៃទីក្រុងតូក្យូបដិសេធហើយ ក្រោយពីសហប្រធានរូបនេះត្រូវបានចាប់ឃុំខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់រឿងកឹបកេង និងក្លែងបន្លំហិរញ្ញវត្ថុក្រុមហ៊ុនយក្សជប៉ុនមួយនេះ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ៕
៤៖ កងកម្លាំងសន្តិសុខសរុប ២៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានចូលរួមក្នុងចលនាតវ៉ាមួយនៅក្នុងរដ្ឋធានីការ៉ាកាស់ ដែលត្រូវបានរដ្ឋាភិបាលអះអាងថា ជាចេតនាប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង៕
៥៖ អាកាសយានិក ០២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដែលពួកបញ្ជាប្រភេទ DC-3 បានធ្លាក់ភ្លាមៗបន្ទាប់ពីទើបហោះឡើងបានបន្តិច នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) នៃសហរដ្ឋអាមេរិក៕
៦៖ នៅទីបំផុតជំនួបពិភាក្សាគ្នារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅក្នុងរដ្ឋធានីម៉ូស្គូ នាថ្ងៃអង្គារនេះ ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ ទៅលើជម្លោះប្រជុំកោះ ឃើរៀល (Kuril Islands) ដែលជប៉ុន និងរុស្ស៊ីសុទ្ធតែអះអាងកម្មសិទ្ធិដូចៗគ្នា។