(អ៊ីស្រាអែល)៖ យោធានៃប្រទេសអ៊ីស្រាអែលបានសម្រេចជោគជ័យ ក្នុងការសាកល្បងធ្វើតេស្តទៅលើប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងហៅថា Arrow 3 ដែលជាស្នាដៃអភិវឌ្ឍន៍និងផលិតរួមគ្នាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងអំឡុងនៃការធ្វើតេស្ត គ្រាប់មីស៊ីលនៃប្រព័ន្ធ Arrow 3 ដែលរចនាឡើងដើម្បីស្ទាក់កម្ទេចមីស៊ីលផ្លោងប្រភេទ ICBM ត្រូវបានបាញ់ទៅចំគោលដៅតាមការគ្រោងទុកឥតខុស។ ភាពជោគជ័យនេះ គឺជាការផ្តល់ទំនុកចិត្តកាន់តែរឹងមាំថែមទៀត នៅក្នុងសមត្ថភាពរបស់ប្រទេសអ៊ីស្រាអែល ក្នុងការការពារខ្លួនពីការគំរាមកំហែងនានានៅក្នុងតំបន់។
គួរជម្រាបថា ប្រព័ន្ធ Arrow ឬ Hetz ស្ថិតក្នុងចំណោមនៃក្រុមប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ដែលរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ៊ីស្រាអែល ដែលស្នើចង់បានប្រព័ន្ធការពារមីស៊ីលដ៏មានអានុភាពមួយ ដែលនឹងមានប្រសិទ្ធភាពទប់ទល់ជាមួយមីស៊ីលផ្លោង ជាងប្រព័ន្ធ MIM-104 Patriot ហើយប្រព័ន្ធ Arrow នេះថែមទាំងអាចស្ទាក់មីស៊ីលផ្លោងក្នុងលំហអវកាស ពោលគឺនៅពេលវាមិនទាន់ចូលមកក្នុងបរិយាកាសផែនដីវិញបានទៀតផង៕