(អង់ការ៉ា)៖ ​ប្រទេសតួកគីកំពុងរៀបចំបើកការស៊ើបអង្កេត​ជាលក្ខណៈអន្តរជាតិ​ ​ជុំវិញករណីឃាតកម្ម​លើ​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ី​សាអូឌីត លោក Jamal Khashoggi ហើយនឹងចាត់វិធានការជាបន្តបន្ទាប់ទៀត​ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការ​ប្រកាសរបស់រដ្ឋមន្រ្តី​ការបរទេសតួកគី លោក Mevlut Cavusoglu ដកស្រង់សម្តីដោយសារព័ត៌មានចិន CGTN នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

លោក Khashoggi ដែលជាអ្នករិះគន់​មិនសំចៃមាត់ម្នាក់លើ​​ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman និង​បាន​ចាប់ផ្តើមបម្រើការងារឲ្យកាសែត​ Wahshington Post បន្ទាប់ពីផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនោះ ត្រូវ​បាន​គេ​សម្លាប់​នៅ​​ក្នុងស្ថាន​កុងស៊ុលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត​ ​ប្រចាំនៅទីក្រុង​អ៊ីស្តង់ប៊ុលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។​

ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ធ្លាប់បាននិយាយថា ការសម្លាប់អ្នកកាសែតរូបនេះ ត្រូវបានធ្វើឡើងក្រោមការបង្គាប់​បញ្ជា​​​​ពីបុគ្គលមានឋានៈដ៏ខ្ពង់ខ្ពស់​​នៃថ្នាក់ដឹកនាំរបស់អារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែទីក្រុងរីយ៉ាដ​បានច្រានចោល ការចោទប្រកាន់ដែលថា​​​​ព្រះអង្គម្ចាស់ស្នងរាជ្យ bin Salman មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ។

គួរជម្រាបថា ក្រុមព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត កំពុងតែព្យាយាមស្នើឲ្យមានការផ្តន្ទាទោស​ប្រហារជីវិត​លើ​ជនសង្ស័យ​៥នាក់​ក្នុងចំណោម១១នាក់ ដែលត្រូវបានឃុំខ្លួន​​ជុំវិញករណីឃាតកម្មនេះ។ ដោយសារតែបញ្ហានេះ ​អារ៉ាប៊ីសាអូឌីត បាន​ធ្លាក់​​ក្រោម​​សម្ពាធ​យ៉ាង​តានតឹង​ពីអន្តរជាតិ ជាពិសេសគឺពីសំណាក់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធដ៏ជិ​ត​ស្និទ្ធ​​របស់ខ្លួន៕