(គែរ)៖ ជនសកម្មប្រយុទ្ធយ៉ាងតិច៥៩នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នានាអំឡុងប៉ុន្មានថ្ងៃកន្លងទៅនេះ នៅឯឧបទ្វីបស៊ីណៃនៃប្រទេសអេហ្ស៊ីប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យយោធាអេហ្ស៊ីបបានឲ្យដឹងថា ក្នុងអំឡុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មនៅឧបទ្វីបស៊ីណៃថ្មីៗនេះ កងកម្លាំងរក្សាសន្តិសុខជាតិបានផ្តាច់ជីវិតភេរវករប្រមាណ៥៩នាក់ ដែលមានផ្ទុកនូវគ្រឿងផ្ទុះនិងអាវុធផ្សេងៗ។យ៉ាងណាមិញ ការប្រយុទ្ធគ្នានេះបានបណ្តាលឲ្យកងទ័ព៧នាក់បាត់បង់ជីវិត។ ក្រៅពីនេះ យានយន្តចំនួន៥៦គ្រឿង ឃ្លាំងស្តុកអាវុធ២កន្លែង និងគ្រឿងផ្ទុះ២៤២គ្រាប់របស់ក្រុមសកម្មប្រយុទ្ធទាំងនោះ ក៏ត្រូវបានបំផ្លាញចោលផងដែរ។
គួរជម្រាបថា អេហ្ស៊ីបបាននិងកំពុងតស៊ូប្រយុទ្ធប្រឆាំងជាក្រុមភេរវករ បន្ទាប់ពីអតីតប្រធានាធិបតី លោក Mohamed Morsi បានធ្លាក់ពីអំណាចកាលពីឆ្នាំ២០១៣ ដោយសារតែការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការដឹកនាំរបស់លោក។ ឧបទ្វីបស៊ីណៃនេះ គឺជាសំបុករបស់ក្រុមភេរវករនៅក្នុងប្រទេសអេហ្ស៊ីប ខណៈតាំងពីយុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីណៃបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០១៨មក ជនសកម្មប្រយុទ្ធជាង៨០០នាក់ និងកងទ័ពអេហ្ស៊ីបជាង៣០នាក់បានបាត់បង់ជីវិត៕