(តូក្យូ)៖ សំណើជាថ្មីទៀតក្នុងការសុំធានាឲ្យអតីតនាយកក្រុមហ៊ុន Nissan ឲ្យនៅក្រៅឃុំនោះ ត្រូវបានតុលាការសង្កាត់នៃទីក្រុងតូក្យូបដិសេធហើយ ក្រោយពីសហប្រធានរូបនេះត្រូវបានចាប់ឃុំខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់រឿងកឹបកេង និងក្លែងបន្លំហិរញ្ញវត្ថុក្រុមហ៊ុនយក្សជប៉ុនមួយនេះ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) កន្លងមកតាមរយៈក្រុមមេធាវីការពារក្តីរបស់លោក បានធ្វើការច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងដោយតុលាការ។ បន្ថែមពីនេះនៅក្នុងសំណើសុំនៅក្រៅឃុំនោះ លោក Ghosn បានយល់ព្រមគ្រប់យ៉ាងចំពោះចំណាត់ការដោយសមត្ថកិច្ច ដូចជាការបំពាក់ឧបករណ៍តាមដានរូបលោក និងការអង្កេតកន្លែងដែលលោកស្នាក់នៅជានិច្ច ប៉ុន្តែទោះបីជាបែបនេះក្តី ក៏តុលាការជប៉ុនមិនយប់ព្រមឲ្យលោកស្ថិតនៅក្រៅឃុំនោះដែរ។
គួរបញ្ជាក់ថា បើតាមប្រភពមួយដែលស្និទ្ធនឹងលោក Ghosn ប្រសិនបើលោកមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់ប្រទេសបារាំងវិញទេនោះ លោកនឹងទទួលយកការឃុំឃាំងនៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងតូក្យូ។ លោក Ghosn អាយុ ៦៤ឆ្នាំ បានស្ថិតនៅក្នុងការឃុំខ្លួនឈានចូលដល់ខែទីបីហើយ ដោយលោកកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការស្នើសុំនៅក្រៅឃុំ ជាមួយនឹងការធានាដាក់ប្រាក់តម្កល់យ៉ាងច្រើនសន្ធឹកសន្ធាប់៕