(តេហេរ៉ង់)៖ អ្នកជំនាញយុទ្ធសាស្ត្រនយោបាយមួយរូប មកពីសាកលវិទ្យាល័យ Azad បានប្រាប់សារព័ត៌មានរុស្ស៊ីថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទោះបីជាចង់វាយប្រហារលើរបបដឹកនាំអ៊ីរ៉ង់ខ្លាំងយ៉ាងណាក៏ដោយ ក៏អាមេរិកមិនអាចធ្វើការវាយប្រហារដោយចំពោះមុខ ឬត្រង់ៗនោះដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
អ្នកជំនាញអន្តរជាតិខាងលើគឺលោក ម៉ូចតាបា ចេឡាល់ហ្សាដេហ៍ (Mojtaba Jelalzadeh) បានធ្វើការអះអាងដូច្នេះ ក៏ព្រោះតែលោកមើលឃើញថា ប្រទេសអ៊ីរ៉ង់បច្ចុប្បន្នមានការត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមគ្រប់ពេលវេលា ដោយមិនត្រឹមតែជាមួយអាមេរិកនោះឡើយ ប៉ុន្តែបណ្តាប្រទេសជិតខាងមួយចំនួនទៀត គឺជាក្តីបារម្ភធំបំផុតសម្រាប់សន្តិសុខអ៊ីរ៉ង់។ វាជាការឆ្លើយតបមួយទៅនឹងរបាយការណ៍បែកធ្លាយដែលថា សហរដ្ឋអាមេរិកជាអ្នកស្ថិតនៅពីក្រោយអ៊ីស្រាអែល ក្នុងការវាយប្រហារមូលដ្ឋានទ័ពអ៊ីរ៉ង់ក្នុងទឹកដីស៊ីរី កាលពីដើមខែមករា ដែលទីភ្នាក់សន្តិសុខជាតិអាមេរិក រៀបចំឡើងដើម្បីសងសឹកអ៊ីរ៉ង់។
លោក Jelalzadeh បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជារដ្ឋឯករាជ្យមួយដែលមានស្ថិរភាព និងយោធានោះ ប្រទេសអ៊ីរ៉ង់មានសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ...។ អ៊ីរ៉ង់បានសម្រេចចេញរួចទៅហើយនូវផែនការ និងយុទ្ធសាស្ត្រការពារជាតិ...។ វាជារឿងខុសទាំងស្រុងដែលនិយាយថា អ៊ីរ៉ង់នឹងមិនអាចទប់ទល់ចំពោះការវាយប្រហារណាមួយនោះ...។ ទោះបីជាបែបនេះក្តី វាក៏មិនមែនមានន័យថា អ៊ីរ៉ង់នឹងទទួលបានជោគជ័យដោយងាយៗនៅគ្រប់សង្គ្រាមនោះដែរ»។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានក្លាយជាបន្លាធំឡើងវិញនៅក្នុងក្រសែភ្នែករដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ ចាប់តាំងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមបង្កើនទណ្ឌកម្ម និងសម្ពាធជាបន្តបន្ទាប់ឡើងវិញ លើរដ្ឋាភិបាលអ៊ីរ៉ង់ក្រោមលេសថា ប្រទេសអ៊ីស្លាមមួយនេះនៅតែលួចផលិតនុយក្លេអ៊ែរដោយសម្ងាត់ និងបានលូកដៃចូលបញ្ហាស៊ីរីជាដើម៕