(តូក្យូ)៖ បញ្ហាហិរញ្ញវត្ថុ គឺជាកត្តាចម្បងនៃការពន្យារពេលរៀបការរវាងជនសាមញ្ញមួយរូប និងព្រះនាងម្ចាស់ជប៉ុនមួយអង្គ ប៉ុន្តែគូដណ្ដឹងព្រះនាងម្ចាស់ជប៉ុន ម៉ាកុ (Mako) អង្គនេះគឺលោក កេអ៊ិ កូមួរុ (Kei Komuro) បានប្រកាសថា គ្រួសាររបស់លោកបានដោះស្រាយវិបត្តិហិរញ្ញវត្ថុនោះរួចរាល់អស់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅរសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
លោក Komuro បានចេញផ្សាយសេចក្ដីប្រកាសមួយនៅថ្ងៃអង្គារនេះ ដែលទំនងជាការឆ្លើយទៅនឹងព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino) ជាព្រះបិតាព្រះនាងម្ចាស់ Mako ដែលធ្លាប់បានលើកឡើងថា លោក Komuro និងគ្រួសារគួរតែផ្ដល់ចម្លើយសមរម្យ និងជាក់លាក់ បើសិនជាចង់ឱ្យការរៀបអាពាហ៍ពិពាហ៍ ដំណើរការទៅមុខតាមការគ្រោងទុក។
តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក Komuro វ័យ ២៧ឆ្នាំ បានបញ្ជាក់ថា គ្រួសាររបស់លោកបានដោះស្រាយបញ្ហាហិរញ្ញវត្ថុរួចរាល់ ហើយបានសូមទោសសម្រាប់ការបង្កភាពស្មុគស្មាញ ដោយមិនបានពន្យល់ពី ស្ថានភាពជាក់ស្ដែង។ ចំណែកឯព្រះនាងម្ចាស់ Mako ព្រះជន្ម ២៧វស្សាដូចគ្នា ក៏បានទទួលដំណឹងនេះដែរជាមួយ ការអះអាងថា អ្នកទំាងពីរនៅតែមានបំណងរៀបការនឹងគ្នា។
គួរបញ្ជាក់ថា លោក Kei Komuro និងព្រះនាងម្ចាស់ Mako បានប្រកាសពីការភ្ជាប់ពាក្យកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបាននិយាយថា មានគម្រោងរៀបការនៅខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែគម្រោងនេះត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ម្ដាយរបស់លោក Komuro មានបញ្ហាលុយកាក់ក្នុងនោះរួមមានទាំងលុយជំពាក់អតីតគូដណ្ដឹងកូនប្រុសរបស់ខ្លួនផងដែរ។
ពោលគឺអតីតគូដណ្ដឹងបាននិយាយថា ធ្លាប់ឱ្យម្ដាយលោក Komuro ខ្ចីលុយ០៤លានយ៉េននៅចន្លោះឆ្នាំ២០១០ និង២០១២ អំឡុងពេលអ្នកទាំងពីរនៅជាគូដណ្ដឹងនឹងគ្នា។ តែក្រោយមក អ្នកទាំងពីរនេះបានផ្ដាច់ពាក្យ ទើបអតីតគូណ្ដឹងបានទាមទារឱ្យម្ដាយលោក Komuro សងលុយដែលធ្លាប់ខ្ចីត្រឡប់មកវិញ បើទោះជាភាគខាងប្រុសអះអាងថា លុយទាំងនេះជាអំណោយក៏ដោយ៕