(ការ៉ាកាស់)៖ កងកម្លាំងសន្តិសុខសរុប ២៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានចូលរួមក្នុងចលនាតវ៉ាមួយនៅក្នុងរដ្ឋធានីការ៉ាកាស់ ដែលត្រូវបានរដ្ឋាភិបាលអះអាងថា ជាចេតនាប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
យោធានៃរដ្ឋាភិបាលវេណេស៊ុយអេឡា បានចេញមកបង្ក្រាបកម្លាំងសន្តិសុខមួយក្រុម នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ដោយចោទប្រកាន់ពួកគេថា ជាក្រុមទាហានបះបោរមានចេតនាផ្តួលរំលំរដ្ឋាភិបាល ឬធ្វើរដ្ឋប្រហារ។ ជំនួយការលោកប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រាប់សារព័ត៌មានក្នុងស្រុកថា «ពួកគេ (ទាហានបះបោរ) ត្រូវបានបង្ក្រាប និងចាប់ខ្លួនជាបណ្តើរៗហើយ»។
បើតាមមន្ត្រីជំនិតប្រធានាធិបតីខាងលើនេះបានបន្តទៀតថា ក្រុមកងកម្លាំងយោធាទាំងនោះបានសារភាពថា ពួកគេត្រូវបានគេបញ្ចុះបញ្ចូលពីក្រោយខ្នង ឲ្យងើបឡើងបះបោរជាថ្នូរនឹងផ្ទះវីឡា ព្រមទាំងលំនៅឋានស្កឹមស្កៃជាដើម តែក្រោយមកទើបពួកគេដឹងថា វាសុទ្ធតែជារឿងបោកប្រាស់។ កាលពីដំបូងឡើយ ប្រភពព័ត៌មានមិនទាន់ផ្លូវការបានអះអាងថា ក្រុមដែលចេញមកតវ៉ា និងកៀរគរឲ្យប្រជាជនចូលរួមជាមួយពួកគេនោះ គឺជាកងកម្លាំងប៉ូលិស ដែលមិនពេញចិត្តនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។
ទោះបីជាបែបនេះក្តី ស្ថានការណ៍ជារួមហាក់វិលទៅរកភាពប្រសើរឡើងវិញហើយ ដោយក្រុមបះបោរសរុប ២៧នាក់ ត្រូវបានចាប់ខ្លួន ខណៈមួយចំនួនទៀតកំពុងតែរត់គេខ្លួនពីការតាមចាប់របស់កងកម្លាំងរដ្ឋាភិបាល។ គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅក្នុងសង្កាត់ ឡូស ម៉ាសេដូរ៉ែស (Los Mecedores) នៃរដ្ឋធានីការ៉ាកាស់ របស់ប្រទេសវេណេស៊ុយអេឡា ដោយមានការការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមកងកម្លាំងបះបោរ និងការបាញ់រះទៅលើអគារនានានៅតាមដងផ្លូវតែម្តង៕