(អូទ្រីស)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ បានកត់សម្គាល់ថា ករណីអំពើពុករលួយមានការកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី គឺដោយសារតែមនុស្សនាំគ្នាលែងខ្លាចពីការរាយការណ៍ អំពីការប្រព្រឹត្តអំពើរលួយរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ថ្លែងពីបទពិសោធន៍របស់ម៉ាឡេស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅឯវេទិកាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ លោក មហាធៀ ក៏បានអះអាងដែរថា រដ្ឋាភិបាលរបស់លោកបានផ្ដល់ឱ្យប្រជាជនម៉ាឡេស៊ី ដែលរាយការណ៍ថា ករណីពុករលួយនូវការការពារសុវត្ថិភាពបន្ថែម។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៣ឆ្នាំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ករណី នៃអំពើពុករលួយមានការកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី គឺដោយសារតែមនុស្សនាំគ្នាលែងខ្លាចពីការរាយការណ៍ពី ការប្រព្រឹត្តអំពើរលួយរបស់ពួកគេ... អំពើពុករលួយមានពីរប្រភេទ គឺពុករលួយលើតុ និងពុករលួយនៅក្រោម»។
លោកបន្ថែមថា នៅពេលប្រទេសមួយមានអំពើពុករលួយនៅលើតុនោះមានន័យថា ប្រជាជនប្រទេសនោះមានឆន្ទៈប្រព្រឹត្តអំពើពុករលួយលើសេវាកម្ម ដែលផ្ដល់ដោយរដ្ឋាភិបាល ហើយទង្វើបែបនេះនឹងក្លាយជាទម្លាប់ ដែលពិបាកក្នុងការបង្រ្កាប។
ដោយឡែក នៅពេលប្រទេសមួយអំពើពុករលួយនៅក្រោមតុវិញនោះគឺមានន័យថា គេមានសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះប្រជាជនមិនមានឆន្ទៈស៊ីសំណូក ឬឱ្យសំណូកឡើយ តែភាគច្រើនពួកគេទទួលរងការបង្ខិតបង្ខំ ឱ្យប្រព្រឹត្តអំពើពុករលួយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមលោក មហាធៀ មហំាម៉ាត់ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលរបស់លោក ដើម្បីប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយក្នុងនោះមានការតម្រូវឱ្យរដ្ឋមន្ត្រីទាំងអស់ រួមទាំងលោកផ្ទាល់ត្រូវប្រកាសពីទ្រព្យសម្បត្តិដែលខ្លួន មានប្រាប់គណៈកម្មាការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC)៕