(វ៉ាស៊ីនតោន)៖ អាកាសយានិក ០២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដែលពួកបញ្ជាប្រភេទ DC-3 បានធ្លាក់ភ្លាមៗបន្ទាប់ពីទើបហោះឡើងបានបន្តិច នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើនេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដោយយន្តហោះខ្នាតតូចមួយគ្រឿងខាងលើនេះ បានធ្លាក់ទៅលើទីវាលព្រិលចម្ងាយ ៩៦គីឡូម៉េត្រ ពីភាគខាងត្បូងទីក្រុង ក្លេវឡេនដ៍ (Cleveland) នៃរដ្ឋ Ohio ដោយសារតែវាបានជួបបញ្ហាម៉ាស៊ីន។ ពុំមានសេចក្តីរាយការណ៍ថា នៅលើយន្តហោះនោះ មានមនុស្សជិះប៉ុន្មាននាក់ឲ្យប្រាកដនោះឡើយ។
គួរបញ្ជាក់ថា បើតាមមន្ត្រីប៉ូលិសជំនាញនៃទីក្រុងខាងលើនេះ យន្តហោះខ្នាតតូច Douglas DC-3 ត្រូវបានផលិតឡើងតាំងតែពីឆ្នាំ១៩៤៣ មកម្ល៉េះ ខណៈម៉ូដែលប្រភេទនេះត្រូវបានដាក់ឲ្យចរាចរណ៍នៅលើទីផ្សារកាលពីឆ្នាំ១៩៣៥។ យន្តហោះនេះត្រូវបានចាត់ទុកជាម៉ូដែលល្បីឈ្មោះមួយ ដែលរាប់ពាន់គ្រឿងកំពុងត្រូវបានប្រើប្រាស់នៅទូទាំងសកលលោករហូតមកទល់នឹងបច្ចុប្បន្ន និងភាគច្រើនជារបស់ឯកជន៕