(ហារ៉ារ៉េ)៖ ប្រធានាធិបតីហ្ស៊ីមបាវេលោក អេមមែសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានត្រឡប់មកដល់មាតុប្រទេសរបស់លោកវិញហើយ ក្រោយពីការតវ៉ាប្រឆាំងរដ្ឋាភិបាលស្ងប់ស្ងាត់ ប៉ុន្តែសេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងត្បូងមួយនេះវិញ ត្រូវបានគេមើលឃើញថា កំពុងដាំក្បាលចុះយ៉ាងគំហុកដោយសារការឡើងថ្លៃទំនិញ និងប្រេងឥន្ធនៈជាដើម។ នេះបើតាមការចេញផ្សាយដោយកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ការធ្វើដំណើរមកដល់ប្រទេសវិញរបស់លោក Mnanagawa ត្រូវបានទទួលស្វាគមន៍ដោយលោកអនុប្រធានាធិបតីហ្ស៊ីមបាវេ ខុនស្តិនទីណូ ឈីវែងហ្គា (Constantino Chiwenga) ដែលបានកាន់តំណែងជាប្រធានាធិបតីស្តីទី ក្រោយលោកប្រធានាធិបតីបានអវត្តមានរាប់សប្តាហ៍ ដោយសារការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលជុំវិញវិបត្តិសេដ្ឋកិច្ច និងការបង្ក្រាបបាតុកម្មពីសំណាក់កងកម្លាំងរដ្ឋាភិបាល ដែលបានបណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
គួរបញ្ជាក់ថា អំឡុងពេលនៃការអវត្តមានខាងលើនេះ លោកប្រធានាធិបតី Mnangawa បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន ដែលលោកផ្ទាល់បានអះអាងថា ជាការនាំមកនូវផ្លែផ្កាដល់ប្រទេសហ្ស៊ីមបាវេ នៅក្នុងរយៈពេលយូរអង្វែងទៅមុខ។ សារព័ត៌មានខាងលើបានបញ្ជាក់ថា លោក Mnangawa បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងស្នើសុំខ្ចីប្រាក់ថែមទៀតផង៕