(ការ៉ាកាស់)៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងសង្កាត់ ឡូស ម៉ាសេដូរ៉ែស (Los Mecedores) នៃរដ្ឋធានីការ៉ាកាស់ របស់ប្រទេសវេណេស៊ុយអេឡា ដោយមានការការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមមន្ត្រីប៉ូលិស និងការបាញ់រះទៅលើអគារនានានៅតាមដងផ្លូវតែម្តង ដើម្បីសម្តែងការប្រឆាំងរបស់ពួកគេចំពោះរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មានរដ្ឋវេណេស៊ុយអេឡាត្រូវបានគេដកស្រង់ការផ្សាយថា មន្ត្រីប៉ូលិសជាច្រើននាក់បានប្រមូលផ្តុំគ្នាតវ៉ា និងបានប្រើប្រាស់កាំភ្លើងបាញ់រះទៅលើអគារនានានៅតាមដងផ្លូវ អំឡុងពេលដែលពួកគេធ្វើសកម្មភាពតវ៉ានោះទៀតផង។ ក្រុមអ្នកតវ៉ាទាំងអស់នេះមានដូចជា កងកម្លាំងប៉ូលិស និងជនស៊ីវិលមួយចំនួនផងដែរ ដោយមានទាំងការបាញ់កាំភ្លើង គប់ដុំថ្ម និងដុតកង់ឡាននៅតាមសង្កាត់ធំៗដូចជា Los Mecedores, ភឿតា ការ៉ាកាស់ (Puerta Caracas) និងតំបន់កូទីសា (Cotiza) ស្ថិតនៅជាយរដ្ឋធានី។
គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ខណៈស្ថានការណ៍ជារួម មិនទាន់មានការពន្យល់ឲ្យលម្អិតនោះឡើយថា តើកត្តាចម្បងអ្វីទើបឈានទៅរកការងើបឡើងតវ៉ា ពីសំណាក់ក្រុមមន្ត្រីប៉ូលិសខាងលើនេះ៕