(បាងកក)៖ នៅពេលដែលមន្រ្តីថៃលើកឡើងថា ការបោះឆ្នោតដើម្បីបញ្ចប់របបគ្រប់គ្រងយោធានិយមនឹងត្រូវពន្យារពេលជាលើកទី ៥ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំហឹង និងភាពមិនសប្បាយចិត្តបានកើតឡើងទូទាំងផ្ទៃប្រទេស។
ពាក្យថា #delaymyass ត្រូវមនុស្សពេញនិយមប្រើប្រាស់ជាខ្លាំង នៅលើបណ្តាញសង្គម Twitter ក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របដែលកើតមាននូវការបះបោរកើតមានឡើង ដែលបង្ហាញពីការប្រឆាំងយ៉ាងខ្លាំងក្លា ខណៈដែលអ្នកតស៊ូមតិមួយចំនួនត្រូវបានគេកាត់ទោស និងប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ។
ការបោះឆ្នោតដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈឆាប់ៗនេះ នឹងត្រូវបានពន្យាជាថ្មីទៅថ្ងៃទី២៤ ខែមីនា នេះបើយោងតាមការលើកឡើងរបស់លោក វីស្សានុ គ្រាងាំ (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រីថៃ ដែលបានអះអាងថា ការបោះឆ្នោត ក្នុងខែកុម្ភៈនឹងរារាំងផែនការរៀបចំ រាជពិធីគ្រងរាជ្យថ្មីរបស់ព្រះមហាក្សត្រ។ ការពិតទៅនៅប្រទេសថៃ ព្រះមហាក្សត្រត្រូវបានគេគោរពជាខ្លាំង ប៉ុន្តែពួកសកម្មជនបានចោទប្រកាន់ថា របបយោធាកំពុងប្រើប្រាស់បញ្ហាឡើងគ្រងរាជ្យស្តេចថ្មី ដើម្បីមកពន្យារពេលការបោះឆ្នោត។
លោក ណេធីវីត ចូទីផាត់ផៃសាល់ (Netiwit Chotiphatphaisal) វ័យ ២១ឆ្នាំ ជាសកម្មជននិស្សិតម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា «ពួកយោធាកំពុងលេងល្បែងនយោបាយ។ ប្រសិនបើការបោះឆ្នោតគ្រាន់តែជាល្បិចកល បោកប្រាស់បំភ័ន្តភ្នែក នោះប្រជាពលរដ្ឋថៃ នឹងងើបបះបោរប្រឆាំងមិនទទួលយកលទ្ធផលជាដាច់ខាត។ យើងសង្កេតឃើញថា មុនការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ កន្លងទៅនេះ ការតវ៉ាតាមផ្លូវ និងអំពើហិង្សារវាងគូប្រជែងបក្សនយោបាយបានកើតឡើងជារឿយៗ។ ជាក់ស្តែងការប៉ះទង្គិចគ្នាដ៏ធំមួយក្នុងឆ្នាំ២០១០ បណ្តាលឱ្យមានភាពច្របូកច្របល់ក្នុងរាជធានីបាងកក ការបង្ក្រាបបាតុករបណ្តាលឱ្យមនុស្សស្លាប់ ៩០នាក់ និងជាង ២,០០០នាក់រងរបួសជាដើម»។
យ៉ាងនេះក្តី របបដឹកនាំយោធានិយម នឹងបោសសម្អាតរាល់ចលនាបះបោរកុំឱ្យកើតមានជាថ្មីម្តងទៀត មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពថៃ លោក អាភីរ៉ាត់ គង់សំផុង (Apirat Kongsompong) ដែលត្រូវបានតែងតាំងកាលពីខែកញ្ញា កន្លងទៅនេះ បានព្រមានក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃពុធកន្លងទៅនេះថា «កុំធ្វើអ្វីលើសព្រំដែន»។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែតបាងកកប៉ុស្តិ៍។ ការបោះឆ្នោតនឹងក្លាយជាការស្ទង់មតិជាផ្លូវការ លើកដំបូងមិនធ្លាប់មានអស់រយៈពេល ០៨ឆ្នាំ។
មេដឹកនាំក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ជារដ្ឋាភិបាលដែលគ្រប់គ្រងប្រទេសថៃ ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ មកហាក់មានភាពស៊ាំក្នុងនាមជាអ្នកកាន់អំណាចទៅហើយ។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលត្រូវបានធ្វើសេចក្តីព្រាងដោយរបបយោធានិយម មានគោលបំណងដើម្បីរារាំងគណបក្សភឿថៃ មិនឱ្យវិលត្រឡប់មកកាន់តំណែងវិញ ហើយធានាបានថា របបយោធានិយមនឹងបន្តគ្រប់គ្រងអនាគតរបស់ប្រទេសថៃដោយមិនខ្វល់ថា អ្នកណាជាអ្នកឈ្នះឆ្នោតឡើយ។
ក្រុមអ្នកសកម្មនិយមបាននិយាយថា ច្បាប់របស់លោក ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំរដ្ឋប្រហារយោធា កំពុងកាន់អំណាចជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន កំពុងបង្កើនអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើងៗ។ ជាក់ស្តែង ភ្លាមៗបន្ទាប់ពីបានក្តោបក្តាប់អំណាច លោក ប្រាយុទ្ធ បានហាមឃាត់រាល់ការធ្វើយុទ្ធនាការនយោបាយទាំងអស់ រួមទាំងការប្រមូលផ្តុំបែបនយោបាយដោយមានមនុស្សលើសពី ០៥នាក់។ មិនតែប៉ុណ្ណោះ សកម្មជនរាប់រយនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅក្រោមច្បាប់ដ៏ឃោរឃៅ គឺហាមប្រមាថរិះគន់ដល់រាជវង្សស្តេចជាដើម។
លោក ស៊ូណៃ ផាសុខ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំតំបន់ អាស៊ី បានថ្លែងកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះថា «លោកឧត្តមសេនីយ៍ ប្រាយុទ្ធ កាន់អំណាចដោយគ្មានការអ្នកត្រួតពិនិត្យ។ លោកបន្តប្រើប្រាស់វិធានការបង្ក្រាបជាប្រចាំមានន័យថា មិនថាអ្នកបោះឆ្នោត គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសថៃ សុទ្ធតែត្រូវបានគេបិទមាត់ និងចងដៃ ដោយគ្មានសិទ្ធអ្វីទាំងអស់នៅក្នុងការបោះឆ្នោតខាងមុខ»។
លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងការបោះឆ្នោតជាមួយគណបក្សទើបបង្កើតថ្មីមានឈ្មោះថា ផាឡាង ប្រាចារ៉ាត់ (Phalang Pracharat)។ លោកសាស្ត្រាចារ្យរងនៃមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យក្យូតូ បានប្រាប់ទូរទស្សន៍ CNN ថា «លោកចង់ក្លាយជានាយករដ្ឋមន្ត្រីយ៉ាងខ្លាំង នេះគឺអំពីមហិច្ឆតាផ្ទាល់ខ្លួនរបស់លោក»។ ដើម្បីសម្រេចបាននូវមហិច្ឆតានោះ លោក ប្រាយុទ្ធ ចាំបាច់ត្រូវរក្សាអំណាចគ្រប់យ៉ាង។
គួរជម្រាបថា ប្រជាពលរដ្ឋថៃនឹងត្រូវបោះឆ្នោតឱ្យសភាជាន់ទាបចំនួន ៥០០អាសនៈ ខណៈដែលសភាជាន់ខ្ពស់ ឬព្រឹទ្ធសភាចំនួន ២៥០អាសនៈ នឹងត្រូវជ្រើសរើសដោយយោធា។ លោក ធីទីណាន ផុងស៊ុដហ៊ីរ៉ាក់ (Thitinan Pongsudhirak) នាយកវិទ្យាស្ថានសន្តិសុខ និងសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ ជូឡាឡុងកន បាននិយាយថា «នេះជាយុទ្ធសាស្ត្រមួយ ដែលត្រូវបានចងក្រងឡើងក្នុងរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងរក្សាអំណាចយោធា ដើម្បីគ្របដណ្តប់លើមេដឹកនាំស៊ីវិល»។
ហេតុនេះទោះបីជាគណបក្សនិយមយោធាមិនឈ្នះក្តី ក៏ដោយក៏រដ្ឋធម្មនុញ្ញថ្មី បានបង្កើតគោលនយោបាយថ្មីដើម្បីធានាបានថា របបយោធាដែលអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីមិនទទួលបានសម្លេងគាំទ្រ និងមួយភាគបីនៃសមាជិកសភា ត្រូវតែងតាំងដោយអំណាចយោធា។ ក្នុងការបោះឆ្នោតលើកនេះ ប្រជាពលរដ្ឋថៃចោទការសង្ស័យថា តើការបោះឆ្នោតមានភាពសេរី ឬយុត្តិធម៌ទាំងស្រុងដែរ ឬទេ? បើគ្រប់យ៉ាងហាក់ស្ថិតក្នុងដៃមេដឹកនាំយោធានិយមបែបនេះ?
ប្រភព៖ វែបសាយព័ត៌មាន CNN, ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩
បកប្រែ និងសម្រួល៖ អ៊ឹត ចណ្ណា