(ម៉ូស្គូ)៖ នៅទីបំផុតជំនួបពិភាក្សាគ្នារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅក្នុងរដ្ឋធានីម៉ូស្គូ នាថ្ងៃអង្គារនេះ ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ ទៅលើជម្លោះប្រជុំកោះ ឃើរៀល (Kuril Islands) ដែលជប៉ុន និងរុស្ស៊ីសុទ្ធតែអះអាងកម្មសិទ្ធិដូចៗគ្នា។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ការជួបពិភាក្សារវាងលោក អាបេ និងលោក ពូទីន នាពេលនេះគឺជាលើកទី ២៥ ហើយគិតចាប់តាំងពីឆ្នាំ២០១៣ ដែលជម្លោះប្រជុំកោះ Kuril នៅតែជាគោលចម្បងនៃប្រធានបទ ដែលមេដឹកនាំប្រទេសធំៗទាំងពីរតែងតែបានលើកយកមកពិភាក្សាគ្នា។ ដោយឡែកកិច្ចប្រជុំលើកទី ២៥ នេះត្រូវបានគេមើលឃើញថា ហាក់បានក្លាយជាចំណាបអារម្មណ៍ខ្លាំងជាងពេលណាៗទាំងអស់ ពីសំណាក់សហគមន៍អន្តរជាតិ ព្រោះវាអាចនឹងឈានទៅរកការបែងចែកកោះខ្លះ ក្នុងចំណោមកោះធំៗទាំង ០៤ ដែលស្ថិតនៅក្នុងបញ្ជីកោះជម្លោះ ដើម្បីឲ្យកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរបង្កើតឡើងបាន ប៉ុន្តែវាក៏មិនមែនងាយស្រួលដូចការគិតនោះដែរ។
បញ្ហាជម្លោះជុំវិញកោះចំនួន ០៤ នៅភាគខាងត្បូងទីប្រជុំកោះ Kuril គឺជាឧបសគ្គនៃការចុះសន្ធិសញ្ញាដើម្បីបញ្ចប់សង្រ្គាមលោកលើកទីពីរ ជាផ្លូវការរវាងប្រទេសរុស្ស៊ី និងជប៉ុន។ បើនិយាយពីខ្សែក្រវ៉ាត់កោះ Kuril ទាំងមូលវិញនោះ គឺមានកោះទាំងតូចទាំងធំសរុបរហូតដល់ទៅ ៥៦ ឯណោះ ដោយក្នុងនោះកោះដែលប្រទេសទាំងពីរកំពុងមានជម្លោះរវាងគ្នា គឺមានចំនួន ០៤ ប៉ុន្តែវាកំពុងស្ថិតក្រោមការគ្រប់គ្រងមិនផ្លូវការរបស់រុស្ស៊ី។
គួរបញ្ជាក់ថា នៅមុននៃការជួបពិភាក្សាគ្នានេះប្រារព្ធឡើង នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអះអាងថា លោកកំពុងពិចារណាចុះសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូយល់ព្រមប្រគល់កោះចំនួន ០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុននេះទៀត រុស្ស៊ីក៏ធ្លាប់បានបង្ហើបប្រាប់ទីក្រុងតូក្យូរួចហើយដែរថា ទីក្រុងម៉ូស្គូចង់បានប្រជុំកោះ Kuril ទាំងអស់ទើបខ្លួនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន៕