(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក គ្រីស្តូហ្វឺ ភីណេ (Christopher Pyne) បានប្រកាសពីគម្រោងបំពេញទស្សនកិច្ចជាលើកដំបូង នៅកាន់ប្រទេសចិន ដែលនឹងត្រូវធ្វើឡើងនាឱកាសរៀបចំដំណើរទស្សនកិច្ច ០៦ថ្ងៃ ទៅកាន់បណ្តាប្រទេសនានានៅអាស៊ី នៅក្នុងគោលដៅរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ការចាកចេញសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស របស់លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី គឺត្រូវចាប់ផ្តើមពីថ្ងៃអង្គារសប្តាហ៍នេះតែម្តង ដោយលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន សិង្ហបុរី និងជប៉ុន។ ទស្សនកិច្ចលើកដំបូងរបស់លោក Payne ទៅកាន់ប្រទេសចិននេះផងដែរ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេងហេ (Wei Fenghe) បន្ទាប់ពីសមភាគីទាំងពីរបានជួបពិភាក្សាគ្នារយៈពេលខ្លី កាលពីកំឡុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ ដែលបានប្រារព្ធឡើងក្នុងប្រទេសសិង្ហបុរី នាឆ្នាំ២០១៨។
គួរបញ្ជាក់ថា នៅមុនដំណើរទស្សនកិច្ចធ្វើឡើង រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍មួយ ដែលរៀបរាប់ពីដំណើររបស់លោក ហើយក្នុងនោះលោក Payne ដែលលើកឡើងពីសារៈសំខាន់ នៃចំណងទាក់ទងលើវិស័យការពារជាតិរវាងចិន និងអូស្ត្រាលី ដែលជាគន្លឹះដ៏សំខាន់សម្រាប់សន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅចិន ប្រមុខការពារជាតិអូស្ត្រាលីនឹងបន្តដំណើរទៅជប៉ុន និងសិង្ហបុរីជាកិច្ចបញ្ចប់៕