(កាប៊ុល)៖ ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធតាលីបង់បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខ១២៦នាក់ នៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដនៅឯមូលដ្ឋានយោធាមួយកន្លែងនៃខេត្ត Maidan Wardak ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
សមាជិកកងកម្លាំងសន្តិសុខជាច្រើននាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ ការវាយប្រហារលើមូលដ្ឋានយោធាអាហ្វហ្កានីស្ថានកើតមានឡើងនៅពេលដែលក្រុមសម្មប្រយុទ្ធតាលីបង់ជាច្រើននាក់បានបំផ្ទុះរថយន្ដមួយគ្រឿង ខណៈខ្មាន់កាំភ្លើង២នាក់ទៀតសម្រុកចូលបើកការ
បាញ់រះនៅបរិវេណមូលដ្ឋានយោធានេះ។ ប៉ុន្តែ ខាងមន្ត្រីអាហ្វហ្កានីស្ថានមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍ខាងលើនៅឡើយទេ បន្ទាប់ពី បានអះអាងថាកងកម្លាំងសន្តិសុខតែ១២នាក់ប៉ុណ្ណោះបានស្លាប់។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថាខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះបដិសេធចូលរួមកិច្ចចរចាស្វែងរកសន្តិភាពជាមួយសហរដ្ឋអាមេរិក៕