(ព្រុចសែល)៖ សហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះ បានសម្រេចដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី៤នាក់ ដោយចោទថាមានជាប់ ពាក់ព័ន្ធនឹងការរៀបចំ ក៏ដូចជាដឹកនាំការវាយប្រហារដោយអាវុធគីមីពុល លើអតីតចារកម្មរុស្ស៊ីម្នាក់នៅលើទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ការសម្រេចចិត្តដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល។ បន្ថែមពីលើនេះនៅក្នុង សេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបក៏បានបញ្ជាក់ដែរថាប្រធាន និងអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី GRU រួមទាំងមន្ត្រី ២នាក់ទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម។
គួរបញ្ជាក់ថា អតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី លោក Sergei Skripal និងកូនស្រី ត្រូវបានគេព្យាយាមបំពុលសម្លាប់ដោយប្រើប្រាស់ សារធាតុគីមីពុល នៅទីក្រុង Salisbury អង់គ្លេសកាលពីឆ្នាំ២០១៨។ សហរដ្ឋអាមេរិក អង់គ្លេស និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែចោទប្រកាន់ ថាទីក្រុងម៉ូស្គូគឺជាអ្នកទទួលខុសត្រូវលើទង្វើដ៏សាហាវនេះ តែវិមានក្រឹមឡាំងបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕